ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ ប្រាប់អគ្គលេខាធិការឲ្យលាលែងពីតំណែង!

នូ មករា January 4, 2018


ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ សហព័ន្ធកីឡាវាយកូនឃ្លីលើតុបានធ្វើសន្និបាតវិសាមញ្ញមួយដែលនៅក្នុងនោះបណ្ដាសមាជិកដែលចូលរួមទាំងអស់នាំគ្នារិះគន់ កញ្ញា តៃ លីដា ដែលជាអគ្គលេខាធិការសហព័ន្ធព្រមទាំងលើកឡើងពីភាពអសកម្មជាច្រើនរបស់អគ្គលេខាធិការរូបនេះ ។ សមាជិកប្រតិបត្តិ និងសមាគម-ក្លិបទាំង ១៥របស់សហព័ន្ធបានលើកឡើងនូវចំណុចប្រហាក់ប្រហែលគ្នាជាពិសេសការដែលអគ្គលេខាធិការរូបនេះបញ្ជាទាំងទទឹងទឹសឲ្យគ្រូបង្វឹកជម្រើសជាតិលាលែងដែលនេះជាការទាមទារខុសរឿង ព្រោះនៅក្នុងលក្ខន្តិកៈគឺមានតែប្រធានសហព័ន្ធតែមួយរូបគត់ដែលមានសិទ្ធិផ្លាស់ប្ដូរគ្រូបង្វឹក ។ ជាមួយគ្នានេះ អង្គប្រជុំក៏មានលើកឡើងពីការកឹបកេងលុយកាក់ក្នុងអំឡុងប្រកួតជើងឯកជាតិឆ្នាំ២០១៧ ។
 
គួរបញ្ជាក់ថា កាលពីប្រកួតជើងឯកជាតិនោះលោក ឧកញ៉ា រ័ត្ន សុខន ដែលជាប្រធានសហព័ន្ធបានឧបត្ថម្ភដល់សមាគម-ក្លិបដែលចូលរួមទាំង ១៥នូវថវិកាផ្ទាល់របស់លោកចំនួន ១០០ដុល្លារក្នុងមួយក្លិប ប៉ុន្តែនៅពេលបើកលុយក្លិបចំនួន ១៤ ទទួលបានតែ ២៥ដុល្លារប៉ុណ្ណោះគឺមានតែសមាគមខេត្តសៀមរាបមួយគត់ដែលបានទទួល ១០០ដុល្លារពេញ ។ អង្គប្រជុំបានធ្វើការកត់សម្គាល់ថាតាំងពី កញ្ញា តៃ លីដា មកកាន់ការងារជាអគ្គលេខាសហព័ន្ធបានធ្វើឲ្យគ្រូចាស់ៗ ក៏ដូចជាមន្ត្រីបច្ចេកទេសសំខាន់ៗដកខ្លួនថយ ហេតុនេះហើយបានជាកាលពីប្រកួតជើងឯកជាតិឆ្នាំ២០១៧ ចៅក្រម អាជ្ញាកណ្ដាលត្រូវយកមនុស្សពីសហព័ន្ធផ្សេងមកធ្វើការដែលអ្នកទាំងនោះមិនមានជំនាញខាងកីឡាវាយកូនឃ្លីលើតុផងនោះ ។
លោក សំ បូរ័ត្ន ដែលជាគ្រូបង្វឹកមួយរូបនោះបានថ្លែងថា៖ «អគ្គលេខាធិការរូបនេះចូលចិត្តជ្រៀតជ្រែកការងារបច្ចេកទេសណាស់សូម្បីតែការជ្រើសរើសជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិក៏គាត់លូកដៃធ្វើមើលតែគាត់ហ្នឹងដឹងជាងគ្រូជម្រើសជាតិទៅទៀត »។ សូមបញ្ជាក់ដែរថា ទោះបីសន្និបាតវិសាមញ្ញមិនទាន់មានការសម្រេចចិត្តជ្រើសរើសអគ្គលេខាធិការថ្មីក៏ពិតមែន ប៉ុន្តែលោក ឧកញ៉ា រ័ត្ន សុខន ដែលជាប្រធានសហព័ន្ធនោះបានប្រាប់ទៅកាន់ កញ្ញា តៃ លីដា ឲ្យលាលែងពីតំណែងអគ្គលេខាធិការជាបន្ទាន់មិនតែប៉ុណ្ណោះរាល់ការជំពាក់វាក់វិនជាមួយនឹងលុយកាក់កន្លងមកលោកប្រធានសហព័ន្ធប្រាប់ឲ្យអគ្គលេខាធិការរូបនេះយកមកដោះស្រាយជាមួយសមាគម-ក្លិបទាំង១៥នេះផងដែរ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់