កីឡាជាតិលើកទី២៖ អត្តពលិកកាយសម្ព័ន្ធ បេ្តជ្ញាបង្ហាញបច្ចេកទេសល្អដាច់ជាងកាលលើកទី១

នូ មករា January 3, 2018


ភ្នំពេញ៖ ខណៈពេលដែលព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២ កំពុងតែខិតចូលមកដល់ក្នុងរយៈពេល ៤ខែទៀតនោះ ពោលគឺខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានត្រៀមខ្លួនរួចរាល់សឹងតែ ១០០ភាគរយដើម្បីប្រជែងយកមេដាយក្នុងការប្រកួតនេះ ស្របពេលដែលដែលអត្តពលិកដែលចូលរួមប្រកួតនាឆ្នាំនេះនឹងមានភាពប្រសើរឡើងជាងកាលពីឆ្នាំ២០១៦ កន្លងទៅ ។    

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍កីឡាជាតិលើកទី១ យើងទទួលស្គាល់តែបច្ចេកទេសរបស់កីឡាករការិនីដែលចូលរួមនៅមានកម្រិតតែនៅឆ្នាំ២០១៨ នេះ កីឡាករ កីឡាការិនីកាយសម្ព័ន្ធដែលចូលរួមប្រកួតប្រជែងនោះនឹងមានភាពរីកចម្រើនល្អជាងមុនខ្លាំង សូម្បីតែកម្រិតបច្ចេកទេសរបស់គ្រូបង្វឹកចៅក្រុមក៏មានភាពរីកច្រើនផងដែរ ពោលគឺភាពខុសប្លែកគ្នាកាលពីឆ្នាំ២០១៦ និងឆ្នាំ ២០១៨នេះ គឹដោយសារតែទី១ យើងបានផ្លាស់ប្ដូរទាំងសម្លៀកបំពាក់នៃការចូលរួមប្រកួតជាលក្ខណៈស្ដងដាអន្តរជាតិ, ទី២ លក្ខណៈបច្ចេកទេសកីឡាករកីឡាការិនីដែលចូលរួមប្រកួតគឺពួកគាត់មានលំហាត់មួយចំនួនដែលសហព័ន្ធបានដាក់ឱ្យគឺពួកគាត់អាចហ្វឹកហាត់បានយ៉ាងល្អ មិនថាទាំងនៅរាជធានីទេ សូម្បីតែតាមបណ្ដាខេត្តមួយចំនួនដែលយើងចុះទៅធ្វើវគ្គបច្ចេកទេស ឭដូចជាកំពង់ឆ្នាំងអីហ្នឹងក៏មានលក្ខណៈប្រសើរជាងមុនច្រើនផងដែរ បើសិនជាយើងយកមកធ្វើការប្រៀបធៀប»។

លោកបានបន្តថា៖ «ការប្រកួតកីឡាជាតិនាឆ្នាំនេះ មិនមានការកើនឡើងនៃចំនួនក្លឹបនោះទេពោលមានតែ ៤រាជធានី-ខេត្ត ប៉ុណ្ណោះគឺរាជធានីភ្នំពេញ ក្រចេះ តាកែវ និងខេត្តកំពង់ឆ្នាំង តែយើងជឿជាក់ថា នឹងកើនឡើងនូវចំនូនអត្តពលិក និងគណៈកម្មការចៅក្រមជាក់ជាមិនខាន។ ជាមួយគ្នានេះដែរ សហព័ន្ធនឹងបង្កើននូវចំនួនមេដាយឱ្យបាន ៣បន្ថែមទៀត ដោយសារយើងយោងតាមលក្ខណៈបច្ចេកទេស កីឡាកាយសម្ព័ន្ធយើងមាន ៦ឧបករណ៍ សហព័ន្ធដាក់ឱ្យលេងទាំងអស់ គឺឈ្នះបានមេដាយ១, មេដាយទី២ គឺមនុស្សម្នាក់តម្រូវឱ្យលេងគ្រប់ឧបករណ៍ និងមេដាយទី៣ គឺការលេងជាក្រុម ៦នាក់។ ដូច្នេះ សរុបចំនួនមេដាយដែលសហព័ន្ធគ្រោងនឹងយកពីការប្រកួតនេះគឺមាន ១៣មេដាយ»។

គួរបញ្ជាក់ផងដែរថា នេះជាការប្រកួតកម្រិតបច្ចេកទេសមួយដ៏សំខាន់ជាលក្ខណៈការប្រកួតកីឡាស៊ីហ្គេមតែម្ដង ដើម្បីត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់