NOCC គ្រោងរៀបចំការរត់កម្សាន្តពេលរាត្រីក្នុង១ឆ្នាំ ៣ទៅ៤ដង នៅតំបន់ផាប់ស្ទ្រីត

នូ មករា January 3, 2018


ភ្នំពេញ៖ ក្រោយពីសម្លឹងមើលឃើញសន្ទុះនៃការចូលរួមរបស់ភ្ញៀវជាតិ និងអន្តរជាតិក្នុងឆ្នាំ២០១៧ នេះរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងរៀបចំព្រឹត្តិការណ៍ទិវារត់កម្សាន្តពេលរាត្រីនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាបដែលមានឈ្មោះថា «Angkor City Night Run» ឱ្យបាន ៣ទៅ៤ដងក្នុងមួយឆ្នាំ ដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ខេត្តសៀមរាបឱ្យបានច្រើន ព្រោះវាជាព្រឹត្តិការណ៍កីឡាផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានឱ្យថ្លែងថា៖ «ទិវារត់កម្សាន្តពេលរាត្រីនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាបនេះ យើងគ្រោងបង្កើតឱ្យមានក្នុងមួយឆ្នាំឲ្យបាន ៣ទៅ៤ លើកនៅឆ្នាំ២០១៨នេះ ខណៈការរៀបចំ ២លើកក្នុងឆ្នាំ២០១៧ ទទួលបានលទ្ធផលល្អគួរឲ្យចាប់អារម្មណ៍ពីមហាជន និងមានប្រយោជន៍សម្រាប់ទេសចរណ៍ ដោយមានអ្នកចូលរួម ១០១២ នាក់ហើយនេះជាចំនួនច្រើនបំផុតបើប្រៀបធៀបទៅនឹងទីតាំងតំបន់ផាប់ស្ទ្រីត» ។
លោកបន្តថា៖ «វាមិនត្រឹមតែជាព្រឹត្តិការណ៍ដែលទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរត់កម្សាន្តដើម្បីសុខភាព សប្បុរសធម៌ និងមិត្តភាពផងដែរ»។ គួរបញ្ជាក់ផងដែរថា កម្មវិធីនេះគឺរត់កម្សាន្តតែ ៥ គីឡូម៉ែត្រមួយវិញ្ញាសាប៉ុណ្ណោះដោយអ្នកចូលរួមរត់ចេញដំណើរពីតំបន់ផាប់ស្ទ្រីត នៅពេលរាត្រី ក្នុងនោះអ្នកចូលរួមទាំងអស់ត្រូវកាន់អំពូលភ្លើង និងឧបករណ៍មានពន្លឺផ្សេងពីគ្នាដែលគណៈកម្មការរៀបចំបានប្រគល់ឲ្យ ។ ជាមួយគ្នានោះ សម្រាប់អ្នកចូលរួមទិវារត់កម្សាន្តនេះបានស្តាប់ភ្លេង និងមើលភ្លើងនៅតាមដងផ្លូវមុននឹងមកដល់ទីផ្តាច់ព្រ័ត្រដោយមានតន្ត្រីកម្សាន្ត ប៉ុន្តែការប្រកួតមិនគិតពីលទ្ធផលឈ្នះ ឬចាញ់ឡើយ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់