កាយសម្ព័ន្ធកម្ពុជា នឹងស្នើសុំភាគីចិនដើម្បីបញ្ជូនអត្តពលិកហ្វឹកហាត់រយៈពេលវែង

នូ មករា January 3, 2018


ភ្នំពេញ៖ នៅពេលនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាកំពុងដុតដៃដុតជើងក្នុងការរៀបចំឯកសារស្នើសុំទៅភាគីនៃសហព័ន្ធកីឡាកាយសម្ព័ន្ធចិន តាមរយៈការទំនាក់ទំនងយ៉ាងល្អរវាងស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយ ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធនឹងបញ្ជូនឯកសារស្នើសុំផ្លូវការ ដើម្បីអនុម័តលើការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិននាពេលខាងមុខ ។
 
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា៖ «ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេលវែង និងរយៈពេលខ្លីនៅប្រទេសចិននេះគឺជាការត្រៀមខ្លួនសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ដែលគ្រោងនឹងរៀបចំក្នុងឆ្នាំ២០១៨នេះ ព្រមទាំងជាការត្រៀមខ្លួន សម្រាប់ប្រកួតដណ្ដើមមេដាយក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ»។
 
លោកបានបន្តថា៖ «មកដល់ពេលនេះ សហព័ន្ធបានត្រៀមអត្តពលិក ៧ទៅ៨នាក់រួចរាល់អស់ហើយនៅក្នុងការបញ្ជូនទៅហ្វឹកហាត់រយៈពេលវែងពោលគឺ ៣ទៅ៤ឆ្នាំមុនស៊ីហ្គេមឆ្នាំ២០២៣ ចូលមកដល់ ហើយក្នុងនោះផងដែរសម្រាប់ការហ្វឹកហាត់រយៈពេលខ្លី គឺជាការត្រៀមលក្ខណៈដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី ឬក៏ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំបន្តបន្ទាប់ផងដែរ»។
គួរបញ្ជាក់ផងដែរថា ក្រៅពីប្រភេទកីឡាកាយសម្ព័ន្ធក៏មានប្រភេទកីឡាមួយចំនួនទៀតដែរ ដែលបានទៅហ្វឹកហាត់នៅតាមប្រទេសមានសក្ដានុពលតាមប្រភេទកីឡានីមួយៗមុនស៊ីហ្គេមឆ្នាំ២០២៣ ចាប់ផ្ដើម ដោយក្នុងនោះរួមមានដូចជា៖ កីឡាហែលទឹក អត្តពលកម្ម វាយកូនឃ្លីលើតុ បាល់បោះ និងបាល់ទះជាដើម៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់