ប្រមុខអាជ្ញាធរកីឡាព្រមានកីឡាករ-កីឡាការិនីឲ្យចេះផ្ដល់តម្លៃដល់ខ្លួនឯង

នូ មករា January 3, 2018


ភ្នំពេញ៖ ថ្មីៗនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន ២៧ដែលមានឈ្មោះក្នុងបញ្ជីចូលរួមប្រកួតកីឡាជាតិលើកទី២ថា សូមឲ្យសហព័ន្ធកីឡាជាតិទាំង ២៧ ណែនាំដល់កីឡាករ-កីឡាការិនីរបស់ខ្លួនដែលត្រូវចូលរួមការប្រកួតដោយម្នាក់ៗត្រូវចេះឲ្យតម្លៃខ្លួនឯងធំជាងប្រាក់រង្វាន់។
 
លោកអគ្គនាយកបានបន្ទោសថា កាលពីការប្រកួតកីឡាជាតិលើកទី១ មានកីឡាករប្រដាល់គុនខ្មែរម្នាក់ដោយរូបគេបានយកមេដាយ និងប្រាក់រង្វាន់ទៅប្រៀបធៀបនឹងស្រាបៀរមួយកេសថា មេដាយមាស និងប្រាក់រង្វាន់មិនស្មើស្រាបៀរមួយកេសផង។ ទង្វើនេះគឺជាការមិនឲ្យតម្លៃខ្លួនឯងដោយគិតប្រាក់រង្វាន់ធំជាងមេដាយដែលខ្លួនខិតខំប្រឹងប្រែងប្រកួតទៅវិញ ព្រោះមេដាយគឺជាចំណុចកំពូលសម្រាប់កីឡាករ កីឡាការិនីគ្រប់រូបនៅពេលក្រសួងអប់រំយុវជន និងកីឡាប្រកាសជ្រើសរើសកីឡាករ-កីឡាការិនីជម្រើសជាតិពួកគេនឹងមានសិទ្ធិជាប់ជាក់ជាមិនខាន។
លោកបានបន្ថែមទៀតថាមេដាយនឹងជួយកែប្រែជីវភាពរបស់ពួកគេនៅពេលដែលពួកគេចេញទៅប្រកួតនៅក្រៅប្រទេស ពោលគឺប្រសិនបើអាចឈ្នះមេដាយមាស ប្រាក់ ឬសំរឹទ្ធ នោះគឺពួកគេនឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តរដ្ឋាភិបាល ព្រមទាំងដៃគូឧបត្ថម្ភជាច្រើនទៀត ហើយក៏អាចនឹងមានក្រុមហ៊ុនឯកជនអញ្ជើញមកថតផ្សាយពាណិជ្ជកម្មថែមទៀតផង ដូច្នេះទាំងនេះគឺជាឱកាសដើម្បីកែប្រែជីវភាពប៉ុន្តែវាទាមទារឱ្យមានចំនុចចាប់ផ្តើមពោលគឺចេញពីការប្រកួតក្របខណ្ឌក្នុងស្រុកនេះឯង ដូច្នេះគេមិនគប្បីបន្ទាបតម្លៃមេដាយដែលខ្លួនខិតខំដណ្តើមបាននោះឡើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់