ក្រសួងកីឡាចិនផ្ដល់សម្ភារៈហ្វឹកហាត់ដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា

នូ មករា January 2, 2018


ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការកីឡាកាយសម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹងថាក្រសួងកីឡានៃសាធារណរដ្ឋចិនបានផ្ដល់សម្ភារៈហ្វឹកហាត់ចំនួន ៦ប្រភេទដល់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដែលពេលនេះសម្ភារៈទាំង
នេះបានដឹកមកដល់ខេត្តព្រះសីហនុហើយ ។ លោកឲ្យដឹងទៀតថានេះជាការឆ្លើយតបចំពោះការស្នើសុំពីសំណាក់លោកថោង ខុនដែលជាប្រមុខអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

សម្ភារៈនេះក្រសួងកីឡារបស់ចិនផ្ដល់មកតាមតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា ។ សម្ភារៈទាំងនោះមានរបាស្រប(Parallel Bars)មួយសម្រាប់ របានឹង(Horizontal Bar)មួយសម្រាប់របានឹងទាប(High-Low Bars)មួយសម្រាប់ឧបករណ៍សេះលោត(Vaulting Horse) មួយសម្រាប់ពូក(Saddle) មួយសម្រាប់ និង ឧបករណ៍កង(Swinging Rings)មួយសម្រាប់ ។ សម្ភារៈនេះស្ថានទូតចិនប្រចាំនៅកម្ពុជានឹងផ្ដល់ជូនជាផ្លូវការមកដល់សហព័ន្ធកីឡាកាយសម្ព័ន្ធនៅពេលដែលដឹកមកដល់រាជធានីភ្នំពេញ ។ជាមួយនឹងការផ្ដល់នូវសម្ភារៈហ្វឹកហាត់នេះស្ថានទូតចិនសុំឲ្យសហព័ន្ធរៀបចំផែនការឲ្យបានឆាប់ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលខ្លី(៣ខែ)នៅប្រទេសចិន ។ លោកអគ្គលេខាធិការបញ្ជាក់ថាពេលនេះសហព័ន្ធកំពុងតែធ្វើផែនការដើម្បីបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេងដែលជាថ្នាលសម្រាប់ឆ្នាំ២០២៣ដើម្បីបញ្ជូនពួកគេទៅហ្វឹកហាត់នៅប្រទេសចិន ។


គួរបញ្ជាក់ថា ក្នុងនាមប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ថោង ខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសចិនដែលតែងតែផ្ដល់នូវសម្ភារៈហ្វឹកហាត់ដល់សហព័ន្ធរបស់លោក ។ នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលប្រទេសចិនបានផ្ដល់សម្ភារៈហ្វឹកហាត់ និង ទទួលយកកីឡាករ-កីឡាការិនីកម្ពុជាឲ្យទៅហ្វឹកហាត់នោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់