សហព័ន្ធកីឡាជាតិចំនួន ៣៤ ទទួលថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ឆ្នាំ២០១៨

នូ មករា December 29, 2017


ភ្នំពេញ៖ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំសហព័ន្ធត្រៀមការប្រកួតកីឡាជាតិលើកទី២ថា នៅក្នុងឆ្នាំ២០១៨ ខាងមុខនេះក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ថវិកាទៅសហព័ន្ធកីឡាជាតិចំនួន ៣៤ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងរបស់សហព័ន្ធនីមួយៗ ។ លោកបានប្រកាសបែបនេះនៅក្នុងអង្គប្រជុំមួយនាពេលថ្មីៗនេះនៅចំពោះមុខ លោក អ៊ុក សិទ្ធិជាតិ ដែលជាអគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ។
 
គួររំលឹកថា ក្នុងឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់វិភាជន៍ថវិកាគាំទ្រទៅសហព័ន្ធកីឡាជាតិចំនួន ២១ តែប៉ុណ្ណោះហើយសម្រាប់ឆ្នាំ២០១៨ ក្រសួងអប់រំក៏សម្រេចទម្លាក់ទៅសហព័ន្ធកីឡាជាតិចំនួន ៣៤ សម្រាប់ការរៀបចំព្រឹត្តិការណ៍ចំនួន ៣ធំៗ គឺទី១ លើការងាររដ្ឋបាលចំនួន ២០ភាគរយ, ទី២ បើកវគ្គបណ្តុះបណ្តាលធនធានមនុស្សចំនួន៣៥ភាគរយ និងទី៣ ទៅលើការប្រកួតចំនួន ៤៥ភាគរយ។
លោកប្រធាននាយកដ្ឋានបានបន្ថែមទៀតថា សហព័ន្ធកីឡាជាតិចំនួន ៣៤ រួមមាន៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, សហព័ន្ធកីឡាបាល់ទះកម្ពុជា, សហព័ន្ធកីឡាបាល់បោះកម្ពុជា, សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត, ខេមរសហព័ន្ធតេក្វាន់ដូ (WTF), សហព័ន្ធកីឡាប្រដាល់គុនខ្មែរកម្ពុជា, សហព័ន្ធកីឡាការ៉ាតេកម្ពុជា, សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា, សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា, សហព័ន្ធកីឡាចំបាប់កម្ពុជា, សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា, សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា, សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា, សហព័ន្ធខ្មែរកីឡាហែលទឹក, សហព័ន្ធកីឡាល្បុក្កតោកម្ពុជា, សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា, សហព័ន្ធកីឡាទូកកានូ-រ៉ូវីងកម្ពុជា, សហព័ន្ធកីឡាវាយសីកម្ពុជា, សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា, សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា, សហព័ន្ធខ្មែរកីឡាទោចក្រយាន, សហព័ន្ធកីឡាគុនដាវកម្ពុជា, សហព័ន្ធកីឡាបេស្បលកម្ពុជា, សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា, សហព័ន្ធកីឡាយូដូកម្ពុជា, សហព័ន្ធកីឡាទូកក្តោងកម្ពុជា, សហព័ន្ធកីឡាឡើងភ្នំកម្ពុជា, សហព័ន្ធកីឡាសូរិនហ្ស៊ីកកាំប៉ូកម្ពុជា, សហព័ន្ធកីឡាសីដក់ -ឈិនឡូនកម្ពុជា, សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា, សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា, សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា, សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា និងសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់