Never Care ហ្វឹកហាត់ខ្លាំងទ្វេដងដើម្បីការពារតំណែងជើងឯក MATIC 2018​ នៅប្រទេសថៃ

នូ មករា December 29, 2017


ភ្នំពេញ៖ បន្ទាប់​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​កន្លង​ទៅ​នេះរួចមក​ ភាគី​ថៃ​បាន​ផ្ញើរ​សារ​អបអរសាទរ​ចំពោះ​ការ​ស្វែង​រក​ឃើញ​ក្រុម​ជើង​ឯក ព្រមទាំងបាន​អញ្ជើញ​ក្រុម​តំណាង​កម្ពុជា​​ចូល​រួម​ការ​ប្រកួត​ MATIC 2018 ​ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី​១៣ ដល់១៤ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះថែមទៀតផង ។
 
ដូច្នេះក្រុម Never Care នឹងក្រុម​ Infinity ដែលជាក្រុមជើងឯក និងជើងឯករងប្រចាំឆ្នាំនេះ នឹងក្លាយជាក្រុមតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កម្រិតតំបន់អាសុីនេះ ។ លោក Sento ដែលជាប្រធានក្រុមរបស់ Never Care បានលើកឡើងថា​ នេះជាលើកទី៦ហើយសម្រាប់ក្រុមរបស់លោក ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MATIC​ នេះ ហើយកាលពីឆ្នាំមុនក្រុមកម្ពុជារបស់យើងជាក្រុមជើងឯកក្នុងព្រឹត្តិការណ៍មួយនេះ ដូច្នេះភារកិច្ចចម្បងនៅឆ្នាំនេះគឺត្រូវការពារតំណែងជើងឯងតែម្តង ។ 
ទន្ទឹមនឹងនេះ លោកយល់ឃើញថាការប្រកួតក្រៅស្រុក និងក្នុងស្រុកពិតជាមានភាពលំបាក​ ពោលគឺមិនអាចធ្វេសប្រហែសបានឡើយ​ ព្រោះក្រុមនីមួយៗសុទ្ធតែជាក្រុមខ្លាំងតំណាងឲ្យប្រទេសរបស់ខ្លួន ហើយម្យ៉ាងទៀតក្រុមកម្ពុជាគឺជាឧបសគ្គចម្បងមួយរបស់ពួកគេ​ ជាហេតុធ្វើឲ្យពួកគេផ្តោតការយកចិត្តទុកដាក់ខ្ពស់លើយើង ។ ចំពោះការរៀបចំក្នុងការចេញទៅប្រកួតលើកនេះ​ លោកបានបញ្ជាក់ថា៖ «យើងបានព្យាយាមធ្វើការប្រមូលផ្តុំគ្នាមកហ្វឹកហាត់បានច្រើន ព្រោះយើងត្រូវទៅការពារជើងឯក ហើយណាមួយឆ្នាំនេះគេចាប់អារម្មណ៍ច្រើនមកលើកម្ពុជាយើង មួយវិញទៀតរាល់ការប្រកួតរបស់កម្ពុជានៅក្រៅស្រុកតែងតែទទួលបានលទ្ធផលល្អបើមិនលេខ១ ក៏បានលេខ២ដែរ ។ ចំពោះការហ្វឹកហាត់គឺយើងត្រូវធ្វើការណាត់គ្នាក្នុងមួយសប្តាហ៍ពី ៣ទៅ៤ដង ហើយក្នុងមួយថ្ងៃពី ៣ទៅ៤ម៉ោង ប៉ុន្តែបើសម្រាប់​ថ្ងៃចុងសប្តាហ៍វិញគឺចំណាយពេលរហូតដល់ ៧ទៅ៨ ម៉ោងឯណោះ» ។
 
គួរបញ្ជាក់ផងដែរថា​ ក្រុម Never Care ជាក្រុមដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជារបស់យើងដែលភាគច្រើនតែងតែទទួលបានជោគជ័យទាំងក្នុងព្រឹត្តិការណ៍ជាតិ​ និងអន្តរជាតិ ។ យើងទាំងអស់គ្នានឹងរង់ចាំមើលថា តើក្រុម Never Care អាចការពារតំណែងជើងឯករបស់ខ្លួនក្នុងនាមជាជើងឯកពានរង្វាន់ MATIC 2018 ក៏ដូចជាអាចនាំកិត្តិយសជូនជាតិមាតុភូមិសារជាថ្មីក្នុងវិស័យកីឡា​អេឡិចត្រូនិកនេះដែរឬយ៉ាងណា?

អត្ថបទ៖ ណាវឌ្ឍន៍

 

មតិយោបល់