ព្រឹត្តិការណ៍កីឡាជាតិលើកទី២ នឹងធ្វើឡើងនៅអំឡុងចុងខែឧសភា​ ដល់ខែមិថុនា ឆ្នាំ២០១៨

នូ មករា December 20, 2017


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ខ្លួន លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ​បានឱ្យដឹងថា ការប្រកួតកីឡាជាតិលើកទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ទី០៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ ខណៈដែលទាំងពិធីបើក និងពិធីបិទនឹងកាន់តែធ្វើឲ្យល្អប្រសើរជាងលើកទី១ កាលពីឆ្នាំ២០១៦ ដើម្បីជាបទពិសោធសម្រាប់កម្ពុជាក្នុងពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ ។

តាមការគ្រោងទុក នាយកដ្ឋានអប់រំកាយ និងកីឡា បានត្រៀមរួចជាស្រេចហើយនូវកីឡាចំនួន ២៥ប្រភេទដែលត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ (2nd National Games) ដោយប្រភេទកីឡាទាំង២៥នោះ រួមមាន៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F (World Taekwondo Federation) របស់កូរេ៉ខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F (International Taekwondo Federation) របស់កូរេ៉ខាងជើង, ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, និងកីឡាបាញ់កាំភ្លើង ។

សូមបញ្ជាក់ថា មុននឹងសម្រេចកំណត់យក ២៥ប្រភេទកីឡានេះ នាយកដ្ឋានអប់រំកាយ និង​កីឡាបានដកចេញ ២ប្រភេទកីឡាវិញគឺគុនដាវ និង វូស៊ូ (ជំនួសវិញដោយ បេស្បល និងបាញ់កាំភ្លើង) ព្រោះសហព័ន្ធវូស៊ូកំពុងតែមានទំនាស់ផ្ទៃក្នុង ចំណែកឯគុនដាវមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតកីឡាជាតិបានឡើយ ។ គួររំលឹកដែរថា កាលពីការប្រកួតកីឡាជាតិលើកទី១ (1st National Games) ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមានតែ ១៥ប៉ុណ្ណោះប៉ុន្តែលើកទី២នេះបង្កើនដល់ ២៥ប្រភេទកីឡា ៕

អត្ថបទ៖ មករា

មតិយោបល់