កីឡាកររត់ប្រណាំងជើងចាស់ គៀង សាម៉ន ឈ្នះលេខ១ តែសន្លប់ពេលរត់មកដល់ទី!

នូ មករា December 7, 2017


ភ្នំពេញ៖ កីឡារត់ប្រណាំងចម្ងាយ ១.៥០០ម៉ែត្រ គៀង សាម៉ន នៃសមាគមកីឡាក្រសួងការពារជាតិដែលជាកីឡាករវ័យចំណាស់ធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនោះបានដួលសន្លប់ពេលរត់មកដល់ទីក្នុងការប្រកួតអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៧ នាព្រឹកថ្ងៃទី៧ ខែធ្នូនេះ ។ កីឡាករ គៀង សាម៉ន ដែលរត់ចម្ងាយ ១.៥០០ម៉ែត្រដណ្ដើមបានចំណាត់ថ្នាក់លេខ១ ដោយប្រើថិរវេលា ៤នាទី២៣ វិនាទី៦៨។ ចំណាត់ថ្នាក់លេខ២ បានទៅកីឡាករវ៉ាន់ ភារ៉ា មកពីខេត្តស្ទឹងត្រែងរត់ក្នុងថិរវេលា៤នាទី២៦វិនាទី៤៥ និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករផាត សុភុត មកពីរាជធានីភ្នំពេញដែលរត់ក្នុងថិរវេលា ៤នាទី២៩វិនាទី១០។ ចំពោះវិញ្ញាសារត់ចម្ងាយ ១.៥០០ម៉ែត្រនារី ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីប៊ូ សំណាង មកពីរាជធានីភ្នំពេញរត់ក្នុងថិរវេលា ៥នាទី ៤៩វិនាទី៩២។ ចំណាត់ថ្នាក់លេខ២ គឺកីឡាការិនីសុខ ចាន់ឌឿន មកពីខេត្តតាកែវរត់ក្នុងថិរវេលា ៦នាទី៣៧វិនាទី៧៥ និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនីម៉ី ស្រីមាស មកពីខេត្តកណ្ដាលដែលរត់ក្នុងថិរវេលា ៦នាទី៤៩វិនាទី៧៥។

សម្រាប់វិញ្ញាសារត់ ២០០ម៉ែត្របុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករប៉ែន សុគង់ ក្រសួងការពារជាតិរត់ក្នុងថិរវេលា២៣វិនាទី១៧, លេខ២ គឺកីឡាករផាន ផាន់ឈី មកពីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា២៣វិនាទី៨៤ និងចំណាត់ថ្នាក់លេខ៣ គឺកីឡាករព្រឿង ភារុត មកពីខេត្តកពង់ឆ្នាំងរត់ក្នុងថិរវេលា២៤វិនាទី៤០។ ចំពោះវិញ្ញាសារត់ ២០០ម៉ែត្រនារីលេខ១ គឺកីឡាការិនីដួង ស្រីភាព មកពីក្រសួងការពារជាតិរត់ក្នុងថិរវេលា២៧វិនាទី៥៧, លេខ២ គឺកីឡាការិនីប៊ូ ស៊ុនណារី មកពីរាជធានីភ្នំពេញរត់ក្នុងថិរវេលា៣០វិនាទី០០ និងចំណាត់ថ្នាក់លេខ៣កីឡាការិនីកូន ដារ៉ែន  មកពីខេត្តកំពង់ឆ្នាំងរត់ក្នុងថេរវេលា៣០វិនាទី៦៨។

សម្រាប់វិញ្ញាសាចោលដុំដែកនារីលេខ១ បានលើកីឡាការិនីធឿន ម៉ារ៉ានាថ មកពីក្រសួងការពារជាតិចោលបានចម្ងាយ៩,៥៨ម៉ែត្រ, លេខ២ កីឡាការិនី សំរិទ្ធ សូនីតា មកពីខេត្តស្ទឹងត្រែងចោលបានចម្ងាយ៩,០៤ម៉ែត្រ និង ចំណាតថ្នាក់លេខ៣ គឺកីឡាការិនី មឿន ស្រីនិច មកពីខេត្តព្រះវិហារចោលបានចម្ងាយ៥,៩៥ម៉ែត្រ ។ ចោលដុំដែកបុរសលេខ១ គឺកីឡាករស៊ឹម សាមឌី មកពីខេត្តស្ទឹងត្រែងចោលបានចម្ងាយ១២,០៣ម៉ែត្រ, លេខ ២កីឡាករ ព្រំ សួស្ដី មកពីខេត្តព្រៃវែងចោលបានចម្ងាយ១០,១៥ម៉ែត្រ និងចំណាតថ្នាក់លេខ៣ កីឡាករកុល ថារីន មកពីខេត្តកណ្ដាលចោលបានចម្ងាយ៨,៩៨ម៉ែត្រ ។ ចំពោះវិញ្ញាសាចោលថាសនារីលេខ១ គឺកីឡាការិនី ប៉ិច ជំនោរ មកពីក្រសួងមហាផ្ទៃចោលបានចម្ងាយ ២៨,៣៥ម៉ែត្រលេខ២ កីឡាការិនីដេត សុខាន មកពីខេត្តសៀមរាបចោលបានចម្ងាយ២០,៩២ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ គឺកីឡាការិនី សន ហៀ មកពីខេត្តកណ្ដាលចោលបានចម្ងាយ១៨,៤៩ម៉ែត្រ ។ ចោលថាសបុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ ភិន មែល មកពីក្រសួងមហាផ្ទៃចោលបានចម្ងាយ២៧,០៦ម៉ែត្រ, លេខ២ កីឡាករ ថន ពន្លក មកពីខេត្តព្រៃវែងចោលបានចម្ងាយ២៦,០៨ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ គឺកីឡាករ លឿង ស៊ីថា មកពីខេត្តសៀមរាបចោលបានចម្ងាយ២២,៩៥ម៉ែត្រ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់