ខេត្តកំពង់ឆ្នាំង និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលមេដាយជើងឯកវាយសីឆ្នាំនេះបានច្រើនជាងគេ!

នូ មករា December 7, 2017


ភ្នំពេញ៖ ការប្រកួតកីឡាវាយសីជើងឯកជាតិឆ្នាំ២០១៧ ដែលបានផ្ដើមកាលពីថ្ងៃទី៣ ខែធ្នូមកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៦ ខែធ្នូម្សិលមិញនេះដោយនៅក្នុងពិធីបិទមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីបំពាក់មេដាយ និងប្រគល់ពានដល់ជ័យលាភី។ ព្រឹត្តិការណ៍នេះមានសមាគមក្លិបចូលរួមចំនួន ១១ដែលមានកីឡាករកីឡាការិនីចូលរួមសរុប ១២៩នាក់ក្នុងនោះកីឡាការិនី ២៣នាក់។ ការប្រកួតចំនួន ៤ថ្ងៃនេះមានចំនួន ១៦៥ប្រកួត និង១២វិញ្ញាសា។ ក្នុងចំណោម ១២វិញ្ញាសានេះសមាគមវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រុមកីឡាខេត្តកំពង់ឆ្នាំង ាបានប្រមូលមេដាយមាសម្នាក់ៗអស់ ៥គ្រឿងទៅហើយ។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាសចំនួន ៥គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ ៤គ្រឿង ចំណែកក្រុមកីឡាខេត្តកំពង់ឆ្នាំង ឈ្នះបានមេដាយមាស ៥គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ ៣គ្រឿង ចំណែកក្លិបត្រពាំងស្រែ ដណ្តើមបានមេដាយមាស ១គ្រឿង ប្រាក់១គ្រឿង និងសំរិឹទ្ធ ១គ្រឿង រីឯក្លិបខេមរា ឈ្នះបានមេដាយមាស ១គ្រឿង ខណៈខេត្តព្រះសីហនុ ឈ្នះមេដាយប្រាក់ ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ដោយឡែកខេត្តបាត់ដំបងមេដាយទទួលបានមេដាយសំរឹទ្ធ ២គ្រឿង និងខេត្តកំពង់ចាម ឈ្នះមេដាយមេដាយប្រាក់ ២ មេដាយសំរឹទ្ធ ១។ លោកឧត្តមសេនីយ៍លី កុសល បានថ្លែងថា នៅក្នុងឆ្នាំនេះការប្រកួតមានសភាពខុសប្លែកពីឆ្នាំកន្លងមកព្រោះសហព័ន្ធបានរៀបចំការប្រកួតដោយខ្លួនឯង ចំណែកក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ថវិកាឲ្យសហព័ន្ធម្ចាស់ការររៀបចំដោយខ្លួនឯងវិញ ចំណែកបណ្ដាឆ្នាំកន្លងមកនាយកដ្ឋានអប់រំកាយ និងកីឡា ជាអ្នករៀបចំដោយសហព័ន្ធទទួលបន្ទុកតែលើបច្ចេកទេសប៉ុនណោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់