ការប្រកួតកីឡាវូស៊ូជើងឯកជាតិឆ្នាំ២០១៧ បិទបញ្ចប់ជាស្ថាពរ ខណៈជម្លោះរាំុរ៉ៃទាមទារព្យាបាលជាបន្ទាន់!

នូ មករា December 6, 2017


ភ្នំពេញ៖ ការប្រកួតកីឡាវូស៊ូជើងឯកជាតិឆ្នាំ២០១៧ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែធ្នូ មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៥ ខែធ្នូម្សិលមិញនេះ ។ ពិធីបិទនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបំពាក់មេដាយដល់ជ័យលាភី។

 

តាមពិតទៅសហព័ន្ធមួយនេះកំពុងតែមានជម្លោះផ្ទៃក្នុងយ៉ាងក្ដៅគគុកតាំងពីមុនពេលប្រកួត និងសូម្បីតែពេលកំពុងប្រកួត ពោលគឺមានរឿងរ៉ាវកើតមានមិនចេះចប់ ហើយជម្លោះក្នុងសហព័ន្ធនេះបានធ្វើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីសហព័ន្ធតឹងសរសៃកដាក់គ្នារៀងរាល់ពេល។ គួររំលឹកថា មុនការប្រកួតចាប់ផ្តើមក៏មានការប្រកែកគ្នាពីបញ្ហាព៌ណអាវសម្រាប់មន្ត្រីបច្ចេកទេសផងដែរ ដូច្នេះដើម្បីកុំឱ្យការងារមានភាពរាំងស្ទះលោកហ៊ុន សាមុត ដែលជាប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាអ្នកទទួលបន្ទុករៀបចំការប្រកួតនេះបានកាត់ក្ដីឲ្យមន្ត្រីបច្ចេកទេសពាក់អាវពណ៌ក្រហមដើម្បីកុំឲ្យភាគីនីមួយៗប្រៀបលើគ្នា។

គួរបញ្ជាក់ថា សហព័ន្ធនេះបានធ្វើមហាសន្និបាតម្ដងរួចហើយ ប៉ុន្តែដោយសារសមាសភាពគណៈកម្មាធិការប្រតិបត្តិមានសណ្ឋានជាគ្រួសារនិយមនោះទើបក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកមិនទទួលស្គាល់ឡើយ។ ក្រោយមកទាំងអាជ្ញាធរកីឡា ទាំងអង្គការសង្គមកីឡា បានទាមទារឲ្យសហព័ន្ធនេះធ្វើមហាសន្និបាតឡើងវិញជាបន្ទាន់ ។ ស្ថិតក្នុងស្ថានភាពគ្មានមេគ្មានកោយបែបនេះទើប អគ្គនាយដ្ឋានកីឡាសម្រេចឲ្យនាយកដ្ឋានអប់រំកាយ និងកីឡាជាអ្នករៀបចំឲ្យមានការប្រកួតជើងឯកជាតិនេះឡើង។

សម្រាប់ការប្រកួតនេះមានក្លិបចំនួន ១២ចូលរួមដែលមានកីឡាករកីឡាការិនីចំនួន ២៨០នាក់ និងប្រកួតលើ ២៥វិញ្ញាសា។ វូស៊ូ (Wushu)មាន ២ ប្រភេទគឺប្រភេទប្រយុទ្ធហៅថាវូ ស៊ូសាន់ស៊ូ(Wushu-Sanshu) ដែលមាន ៨ប្រភេទទម្ងន់គឺបុរសមាន ៥ប្រភេទទម្ងន់ និងនារី៣ប្រភេទទម្ងន់។ វូស៊ូសម្តែង ឬហៅថាវូស៊ូតាវលូ (Wushu Taolu) ដែលមាន ១៧វិញ្ញាសា ។ ចំពោះលទ្ធផលជើងឯកជាតិនេះគឺក្រុមក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសច្រើនជាងគេពោលគឺក្នុងចំណោម ២៥វិញ្ញាសាក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាស ១០គ្រឿង, ក្លិបបាក់ទូកបានមេដាយមាស ៥គ្រឿង, ក្លិបទួនហ្វាបានមេដាយមាស ៣គ្រឿង, ក្លិបមានជ័យឈ្នះមេដាយមាស ៣គ្រឿង, ក្លិបអូឡាំពិកដណ្តើមបានមេដាយមាស ២គ្រឿង, ក្លិបមុខវាំងឈ្នះមេដាយមាស ១គ្រឿង និងក្លិបសំរោងអណ្ដែតបានមេដាយមាស ១គ្រឿង៕

អត្ថបទ៖ វ៉ាន្នី

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់