ឯកឧត្តមថោង ខុន កំណត់គោលដៅឱ្យគ្រប់សហព័ន្ធកីឡាទាំងអស់ត្រូវត្រៀមខ្លួនឯងឱ្យច្បាស់មុនស៊ីហ្គេម ២០២៣ មកដល់!

នូ មករា December 6, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិក (NOCC) បានប្រមូលមតិដើម្បីពិគ្រោះ និងស្វែងរករកដំណោះស្រាយរួមគ្នានៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហនានាដែលធ្វើឱ្យរាំងស្ទះក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់សហព័ន្ធកីឡាទាំងអស់នៅកម្ពុជាមុនសុីហ្គេមឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ខែធ្នូម្សិលមិញនេះ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមថោង ខុន ប្រធាន NOCC បានថ្លែងបែបនេះថា៖ «ស៊ីហ្គេមឆ្នាំ២០២៣ សល់ពេលជាង ៥ឆ្នាំទៀតនឹងមកដល់តែការត្រៀមខ្លួនដើម្បីទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះសល់ពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះវាមិនមែនជារយៈពេលយូនោះទេ។ ហេតុនេះទាមទាឲ្យសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវស្ទុះស្ទារៀបចំខ្លួនឲ្យបានល្អទាំងមន្ដ្រីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល ពិសេសគឺធនធានកីឡាករ-កីឡាការិនី ខណៈបច្ចុប្បន្ន NOCC កំពុងសហការជាមួយប្រទេសជាមិត្តជិតស្និទ្ធដែលមានបទពិសោធធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមដើម្បីរៀនសូត្រ និងស្នើសុំការបណ្ដុះបណ្ដាលផ្សេងៗ។» 

ឯកឧត្តមបានបន្តថា៖ «រាល់បញ្ហានានា ទាំងទីលាន មន្ដ្រីបច្ចេកទេស គ្រូ កីឡាករ-កីឡាការិនី ផ្នែករដ្ឋបាល និងបញ្ហាប្រភពចំណូលជាដើម សហព័ន្ធនីមួយៗត្រូវរាយការណ៍ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ។ បច្ចុប្បន្នថៃ និងសិង្ហបុរី សុទ្ធតែបានត្រៀមខ្លួនជាស្រេចដើម្បីជួយកម្ពុជាលើផ្នែកបច្ចេកទេស និងការបណ្ដុះបណ្ដាលផ្សេងៗ ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីជាដើម។ ប៉ុន្ដែបញ្ហាត្រង់ថា ពេលសហព័ន្ធចង់បញ្ជូនធនធានវ័យក្មេងទៅហ្វឹកហាត់នៅក្រៅប្រទេសបែរជាអាណាព្យាបាលមិនអនុញ្ញាតក្រោមហេតុផលកូនគេនៅក្មេង។ វាគឺជាឧបសគ្គមួយ ប៉ុន្ដែដើម្បីសម្រួលដល់ការងារនេះ កម្ពុជា បានស្នើទៅភាគីថៃ ឬសិង្ហបុរី ដើម្បីបញ្ជូនគ្រូបង្វឹកពួកគេមកបង្ហាត់នៅកម្ពុជាវិញដើម្បីផលចំណេញទាំងអស់គ្នា។»

លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ភាគីថៃបានបញ្ជាក់ពីជំហរជួយផ្នែកហ្វឹកហាត់ ប៉ុន្តែអ្វីដែលពិសេសនោះគឺសិង្ហបុរី ដែលជាប្រទេសកម្រចាប់អារម្មណ៍លើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ក្នុងការផ្តល់ជំនួយផ្នែកកីឡានោះ បែរយល់ព្រមចុះហត្ថលេខាជាផ្លូវការដោយសន្យាជួយដល់កម្ពុជានៅក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមខាងលើ ។ ហេតុនេះ សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ដើម្បីត្រៀមសហការជាមួយភាគីដែលត្រៀមជួយដល់កម្ពុជាជៀសវាងការខាតបង់ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងឆន្ទៈរបស់បណ្តាប្រទេសជាមិត្ត ៕

ប៉ាវឡុង ជីង

មតិយោបល់