ការប្រកួតអត្តពលកម្មជើងឯកជាតិឆ្នាំ២០១៧ ចាប់ផ្តើមជាផ្លូវការហើយ

នូ មករា December 6, 2017


ភ្នំពេញ៖ ការប្រកួតកីឡាអត្តពលកម្មជើងឯកជាតឆ្នាំ២០១៧ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី៦ ខែធ្នូដែលវិញ្ញាសាប្រកួតមុនគេនោះគឺរត់ ៨០០ម៉ែត្របុរសនារី និងរត់ ១០០ម៉ែត្របុរសនារី ។ លោកប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានឲ្យដឹងថាមានកីឡាករកីឡាការិនីចំនួន ១១៦នាក់មកពី ១៣រាជធានីខេត្ត និងក្រសួង ២គឺក្រសួងការពារជាតិ និងមហាផ្ទៃចូលរួម ។ លោកបានបញ្ជាក់ថា ប្រសិនបើសហព័ន្ធពន្យារពេលតែបន្តិចនោះនឹងមានខេត្តមួយចំនួនទៀតចូលរួមបន្ថែម ប៉ុន្តែសហព័ន្ធត្រូវតែធ្វើតាមការកំណត់ដើម្បីឱ្យខេត្តទាំងនោះចេះគោរពពេលវេលាព្រោះថាសហព័ន្ធបានដាក់កាលបរិច្ឆេទច្បាស់លាស់ហើយ ។

សូមបញ្ជាដែរថា ចំពោះលទ្ធផលនៃការប្រកួតវិញ្ញាសារត់ ៨០០ម៉ែត្រនោះសម្រាប់នារីចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីនួន ចរណៃ មកពីរាជធានីភ្នំពេញរត់ក្នុងថិរវេលា២នាទី៤៥វិនាទី, ចំណាត់ថ្នាក់លេខ២ កីឡាការិនីប៉ែន លក្ខិណា មកពីខេត្តកំពង់ឆ្នាំងរត់ក្នុងថិរវេលា ៣នាទី០៧វិនាទី និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនីចាន់ សារ៉េត មកពីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា៣នាទី១១វិនាទី។

ចំពោះវិញ្ញាសារត់ ៨០០ម៉ែត្របុរសវិញនោះចំណាត់ថ្នាក់លេខ១ បានទៅកីឡាករឈុន ប៊ុនថន មកពីខេត្តស្ទឹងត្រែងរត់ក្នុងថិរវេលា២នាទី០០វិនាទី, ចំណាត់ថ្នាក់លេខ២ គឺកីឡាករសាត ឧត្តម មកពីក្រសួងមហាផ្ទៃរត់ក្នុងថិរវេលា២នាទី០៧វិនាទី និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករឱក រ៉ូហ៊ីត មកពីខេត្តសៀមរាបរត់ក្នុងថិរវេលា២នាទី១១វិនាទី។

សម្រាប់វិញ្ញាសារត់ល្បឿនលើផ្ទៃរាបនារីចំណាត់ថ្នាក់លេខ១ គឺកីឡាការិនីប៉ែន សីហា រាជធានីភ្នំពេញរត់ក្នុងថិរវេលា១២វិនាទី៩៦, ចំណាត់ថ្នាក់លេខ២ កីឡាការិនីហៃ ស៊ូម៉ី មកពីខេត្តបាត់ដំបងរត់ក្នុងថិរវេលា១៣វិនាទី៧៧និងចំណាត់ថ្នាក់លេខ៣កីឡាការិនីឈិត ចិន្ដា មកពីខេត្តតាកែវរត់ក្នុងថិរវេលា១៤វិនាទី១២។ ចំពោះវិញ្ញាសារត់ល្បឿន១០០ម៉ែត្របុរសចំណាត់ថ្នាក់លេខ១ បានទៅកីឡាករទត សាលីន របស់រាជធានីភ្នំពេញរត់ក្នុងថិរវេលា១១វិនាទី១៦, ចំណាត់ថ្នាក់លេខ២ គឺកីឡាករង៉ែត ភារ័ត្ន មកពីក្រសួងការពារជាតិរត់ក្នុងថិរវេលា១១វិនាទី៤២ និងចំណាត់ថ្នាក់លេខ៣ គឺកីឡាករសូ វេហា មកពីខេត្តព្រៃវែងរត់ក្នុងថិរវេលា១១វិនាទី៩៥ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់