កម្ពុជា ដណ្តើមបានមេដាយ ១៣៥គ្រឿងក្នុងការប្រកួតតេក្វាន់ដូ “Asia Kukkiwon Taewondo Hanmadang”

នូ មករា December 5, 2017


ភ្នំពេញ៖ ក្រុមតេក្វាន់ដូកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ទាប់ពីដណ្តើមបានមេដាយសរុប ១៣៥គ្រឿងក្នុងព្រឹត្តិការណ៍   “Asia Kukkiwon Taewondo Hanmadang ” ដែលទើបតែបញ្ចប់នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ក្នុងសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ។ សូមបញ្ជាក់ថា ក្រុមអត្តពលិកតេក្វាន់ដូកម្ពុជាបានឈរតំណែងលេខ១ នៅលើកំពូលតារាងប្រទេសឈ្នះមេដាយនៃការប្រកួត“Asia Kukkiwon Taewondo Hanmadang ” បន្ទាប់ពីដណ្តើមបានមេដាយ ១៣៥គ្រឿងរួមមានមេដាយមាសចំនួន ៣៦គ្រឿង មេដាយប្រាក់ចំនួន ៣៥គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦៤គ្រឿង ។

ក្នុងចំនួនមេដាយទាំង ១៣៥គ្រឿងនោះក្រុមតេក្វាន់ដូសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏ដណ្តើមមេដាយ ៨គ្រឿងមានមេដាយមាសចំនួន ៣គ្រឿង មេដាយប្រាក់ចំនួន ១គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤គ្រឿងផងដែរ ។ ចំណែកក្រុមតេក្វាន់ដូវៀតណាមដណ្តើមបានមេដាយ ១៧គ្រឿង រួមមានមេដាយមាស ១១គ្រឿង មេដាយប្រាក់ ៤គ្រឿង មេដាយសំរឹទ្ធ ២គ្រឿង  ហើយក្រុមម៉ាឡេស៊ីវិញដណ្តើមមេដាយបាន ៣២គ្រឿង មេដាយមាសចំនួន ៧ មេដាយប្រាក់ចំនួន ១២គ្រឿង និងមេដាយសំរឹទ្ធចំនួន ១៣គ្រឿង។ ដោយឡែកក្រុមអត្តពលិកតេក្វាន់ដូមកពីកូរ៉េខាងត្បូងដណ្តើមបានមេដាយមាសចំនួន ៤គ្រឿង រីឯក្រុមអត្តពលិកតេក្វាន់ដូនេប៉ាល់ដណ្តើមមេដាយបាន ៤គ្រឿង រួមមានមេដាយមាស ២គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងសម្រាប់ក្រុមអត្តពលិកតេក្វាន់ដូចិនដណ្តើមបានមេដាយប្រាក់ ១គ្រឿង ហើយក្រុមអត្តពលិកតេក្វាន់ដូមីយ៉ាន់ម៉ាមិនបានឈ្នះមេដាយឡើយ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍“Asia Kukkiwon Taewondo Hanmadang ” ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ នៅក្នុងសាលវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិកមានកីឡាករកីឡាការិនីចូលរួមចំនួន ៦៩៦នាក់មកពីប្រទេសចំនួន ៨ដែលក្នុងព្រឹត្តិការណ៍នេះកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន ៥៧១នាក់មកពីក្លិបចំនួន ២៥ចូលរួម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់