ការ៉ាតេដូ ទទួលបានសិទ្ធិពេញលេញដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅជប៉ុន

នូ មករា December 5, 2017


ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់បេសកកម្មនៅក្នុងការប្រកួតអូឡាំពិកពិភពលោកនាប្រទេសប្រេសុីលកាលពីឆ្នាំ២០១៦ រួចមក ថ្នាក់ដឹកនាំកីឡានៅក្នងប្រទេសកម្ពុជា កំពុងតែមមាញឹកដើម្បីត្រៀមខ្លួនក្នុងការចូលរួមការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ ជាមួយគ្នានេះដែរ ការរៀបចំរចនាសម្ព័ន្ធ ក៏ដូចជាធនធានអត្តពលិកគឺជាបញ្ហាចម្បងដែលមិនអាចខ្វះបានឡើយ ។ អ្វីដែលជាមោទកភាពមួយទៀតសម្រាប់កម្ពុជានោះគឺ បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃយ៉ាងចិត្តទុកដាក់រួចមក នាពេលនេះកីឡាការ៉ាតេដូកម្ពុជាទទួលបានសិទ្ធិពេញលេញដើម្បីចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុននាឆ្នាំ២០២០ ខាងមុខ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានឲ្យដឹងថា៖ «សហព័ន្ធបានដាក់ចេញនូវយុទ្ធស្រាស្ត្រជាច្រើនដោយធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេដូនេះមានសិទ្ធិគ្រប់គ្រាន់អាចទៅចូលរួមប្រកួតកីឡាអូឡាំពិកនាឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុនបានដោយជោគជ័យ ខណៈកីឡាការ៉ាតេដូ គឺជាកីឡាដែលមានប្រភពដើមចេញពីប្រទេសជប៉ុន ហើយការឈ្នះសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកនេះ គឺដោយសារតែយើងមានទីលានហ្វឺកហាត់ដ៏ល្អ ជាទីកន្លែងដែលមានបំពាក់នូវហេដ្ឋានរចនាសម្ព័ន្ធតាមស្តង់ដាអន្តរជាតិទាំងអស់ អ្វីដែលសំខាន់បំផុតគឺកីឡាករ-កីឡាការិនីដែលជ្រើសចេញពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះសហព័ន្ធនឹងយកទៅបណ្តុះបណ្តាល ក៏ដូចជាស្នាក់នៅហ្វឹកហាត់នៅទីនោះតែម្តង។»
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាការ៉ាតេដូក៏បានរៀបចំយុទ្ធសាស្រ្តជាច្រើនដើម្បីសម្រួចទៅឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ធ្វើយ៉ាងណាឲ្យកីឡាការ៉ាតេនេះក្លាយជាកីឡាមួយដែលមានសក្តានុពលដែលអាចដណ្តើមយកមេដាយបានច្រើនជាងគេពីស៊ីហ្គេម៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់