អបអរសាទរ! កីឡាការិនីកម្ពុជាផ្នែកជិះសេះ ដណ្តើមបានលេខ ៣ ក្នុងការប្រកួតកម្រិតទ្វីបអាសុីនៅហុងកុង

នូ មករា December 4, 2017


ភ្នំពេញ៖ កីឡាការិនីវ័យក្មេងផ្នែកកីឡាជិះសេះរបស់កម្ពុជាគឺកញ្ញា Alicia Khiem បាននាំមកនូវមោទកភាពយ៉ាងត្រចះត្រចង់សម្រាប់ជាតិកម្ពុជាបន្ទាប់ពីបានទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួតជិះសេះដណ្តើមពានរង្វាន់យុវជនកម្រិតទ្វីបអាសុីលើកទី ឬ The 2nd Junior Jumping Championship 2017 ដែលបានប្រព្រឹត្តទៅនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ។

គួរបញ្ជាក់ដែរថា កីឡាការិនីកម្ពុជារូបនេះបង្ហាញឱ្យឃើញនូវកម្រិតសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ក្នុងនាមជាពន្លកវ័យក្មេងសម្រាប់វិស័យកីឡាជិះសេះនៅក្នុងប្រទេសកម្ពុជា ដោយកាលពីពេលថ្មីៗនេះ កញ្ញា Alicia Khiem ទទួលបាននូវភាពលេចធ្លោរក្នុងការប្រកួតពានរង្វាន់ Pricess Cup នៅក្នុងប្រទេសថៃ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមកីឡាការិនី ៨៣រូបលើវិញសា ៩០cms ព្រមទាំងស្ថិតក្នុងចំណាត់ថ្នាក់ទី២៧ ក្នុងចំណោមអ្នកចូលរួម ៧៥រូបលើវិញ្ញាសា ៩០-១០០cms រីឯចំពោះវិញ្ញសា ១០៥cms វិញ រូបគេទទួលបានចំណាត់ថ្នាក់ទី៣៣ ក្នុងចំណោមកីឡាករ កីឡាការិនីទាំង ៤៧រូប ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាជិះសេះទ្វីបអាសុី និងជាការប្រកួតកម្រិតយុវជនដែលមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីវ័យក្មេងជាច្រើនរូបមកពីបណ្តាប្រទេស ក៏ដូចជាតំបន់ធំៗមួយចំនួនក្នុងទ្វីបអាសុីដូចជា៖ កម្ពុជា, អូស្ត្រាលី, ឆាយនីសតៃបុិ, ហុងកុង, ឥណ្ឌា, អុីរ៉ង់, អុីរ៉ាក់, ជប៉ុន, កៀហ្សុីស្ថាន, កូរ៉េខាងត្បូង, ម៉ាលេសុី, ប៉ាគីស្ថាន, ប៉ាលេស្ទីន, កាតា, សិង្ហបុរី, ថៃ, តួមមេនីស្ថាន, អារ៉ាប់រួមអេមីរ៉េត និងអ៊ូបេគីស្ថាន ជាដើម ។

 

អត្ថបទ៖ មករា

មតិយោបល់