រដ្ឋមន្ត្រីក្រសួងអប់រំបង្ហាញក្បាច់គុននាថ្ងៃបើកព្រឹត្តិការណ៍ Hanmadang 2017

នូ មករា December 2, 2017


ភ្នំពេញ៖ ឯកឧត្តមហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាដែលជាប្រមុខខេមរសហព័ន្ធតេក្វាន់ដូ W.T.F (World Taekwondo Federation) បានបង្ហាញក្បាច់គុនតេក្វាន់ដូក្នុងពិធីសម្ពោធបើកព្រឹត្តិការណ៍ Hanmadang 2017 នាពហុកីឡដ្ឋានជាតិកាលពីល្ងាចថ្ងៃទី១ ខែធ្នូម្សិលមិញនេះ  ។ អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍នេះដែរមានលោក Oh Dae Young ដែលជាអគ្គលេខាធិការ Kukkiwon Head Quarter Taekwondo) ក៏ដូចជាលោក Jang Sung Jong ដែលជាប្រធានសមាគម Shin Han ដែលជាសមាគមតេក្វាន់ដូដ៏ធំមួយនៅសាធារណរដ្ឋកូរ៉េខាងត្បូង ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៦៩៦នាក់ដែលមកពីប្រទេសចំនួន ៨ដែលមាន ៣៧ក្លិប ដោយប្រទេសទាំង ៨នោះមានដូចជា៖ កម្ពុជាដែលជាម្ចាស់ផ្ទះ, ចិន, ឥណ្ឌូនេស៊ី, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, នេប៉ាល់ និងវៀតណាម ។ សម្រាប់កម្ពុជាមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៥៧១នាក់ដែលមកពីក្លិបចំនួន ២៥ទូទាំងប្រទេស ។ នេះជាការប្រកួតរវាងក្លិប និងក្លិបប៉ុណ្ណោះហើយក៏ជាការជួបជុំដ៏ធំមួយនៃគ្រួសារតេក្វាន់ដូ W.T.F នៅក្នុងទ្វីបអាស៊ី។

គួរបញ្ជាក់ថា កម្ពុជាបានបញ្ជូនអត្តពលិកចូលរួមប្រកួតច្រើនជាងគេ ខណៈដែលចិនបញ្ជូនមកមួយក្លិបដែលមានគ្នា ៣នាក់, ឥណ្ឌាបញ្ចូនមកមួយក្លិបដែលមានគ្នា ១៦នាក់, សាធារណរដ្ឋកូរ៉េបញ្ជូនមកមួយក្រុមដែលមានគ្នា ១១នាក់, ម៉ាឡេស៊ីបញ្ជូនមក ៦ក្រុមដែលមានកីឡាករ-កីឡាការិនី ៥៦នាក់, មីយ៉ាន់ម៉ាបញ្ជូនមកមួយក្លិបដែលមានកីឡាករ-កីឡាការិនី ៧រូប, នេប៉ាល់បញ្ជូនមកមួយក្លិបដែលមានកីឡាករ-កីឡាការិនី ៨រូប និងវៀតណាមបញ្ជូនមកមួយក្លិបដែលមានកីឡាករ-កីឡាការិនី ២៤រូប ។

ជាមួយគ្នានេះដែរ វិញ្ញាសាចំនួន ៦៦ត្រូវបានដាក់ឲ្យប្រកួតដែលក្នុងនោះ វិញ្ញាសាឯកត្តជនមាន ៤៥វិញ្ញាសា និងវិញ្ញាសាជាក្រុម ២១វិញ្ញាសា ក្រៅពីនោះមានការសម្តែងវិញ្ញាសាមេគុន, វិញ្ញាសាប្រើកណ្តាប់ដៃវាយបំបែក, ប្រើកម្លាំងដៃកាប់បំបាក់, លោតទាត់យកកម្ពស់, លោតទាត់យកចម្ងាយ និងការសម្តែងពីរបៀបការពារខ្លួនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់