ព្រឹត្តិការណ៍វាយកូនបាល់ Tep Khunnah Memorial Cup ឆ្នាំនេះមាន ១៩ប្រទេសចូលរួម

នូ មករា December 2, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់អន្តរជាតិយុវជន យុវនារី អាយុក្រោម ១៨ឆ្នាំ Tep Khnunnah Memorial Cup លើកទី២២ ដែលមានរយៈពេល ១សប្តាហ៏នោះបានចាប់ផ្ដើមការប្រកួតជម្រុះនៅថ្ងៃទី០២ ខែធ្នូ និងបញ្ចប់នៅថ្ងៃទី៩ ខែធ្នូខាងមុខ។ ការប្រកួតនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាវាយកូនបាល់ជាតិ  CCC (Cambodia Country Club) ដែលស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា ក្រុមកីឡាករ កីឡាការិនីកម្ពុជាដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះរួមមាន៖ កីឡាករ ឈាង វណ្ណាសិទ្ធ, ទេព ទីម៉ូធី, ឃ្លាំង ពន្លក, លាប សុវណ្ណារី, យី គីមហយ, សៀងវ៉ាន់ (មកពីសៀមរាប), អ៊ិត ប៊ុនធា, ឡេង សារិនរាជ្យ, កីឡាការិនី ហួរ ស្រីពៅ និងហូ ស្រីណុច។ កីឡាករ កីឡាការិនីទាំង ១០រូបនេះនឹងត្រូវធ្វើការប្រកួតនៅក្នុងជុំជម្រុះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ហើយការប្រកួត Main Draw គឺនៅថ្ងៃទី០៤ ខែធ្នូ ចំណែកវគ្គផ្ដាច់ព្រ័ត្រគឺនឹងបញ្ចប់នៅថ្ងៃសៅរ៍ទី០៩ ខែធ្នូ។ 

គួរបញ្ជាក់ដែរថា កីឡាករ កីឡាការិនី ដែលមកចូលរួមប្រកួតក្នុងអំឡុងពេល ១សប្តាហ៍នេះសរុបជាង ១២០នាក់មកពី ១៩ប្រទេស គឺតៃប៉ិ, ហុងកុង, ជប៉ុន, ប្រទេសម៉ាឡេស៊ី, ថៃ, ឥណ្ឌា, ប្រទេសហ្វីលីពីន, ប្រទេសកូរ៉េ, ឥណ្ឌូនេស៊ី,សិង្ហបុរី, សហរដ្ឋអាមេរិក, វៀតណាម, ប៉ូឡូញ,​​ ចិន, ឡាវ, ស្រីលង្កា,ប្រទេសរុស្ស៊ី, វេណេហ្ស៊ូអេឡា និងម៉ាកាវ។ ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ យុវជន យុវនារី អាយុ ក្រោម១៨ឆ្នាំ Tep Khnunnah Memorial Cup លើកទី២២ ចូលរួមសហការណ៍ឧបត្ថម្ភដោយខេមបូឌាន ខនទ្រីក្លឹប (CCC), សណ្ឋាគារតាម៉ាហូម Serviced Apartments និងក្រុមហ៊ុនបាល់តេន្នីស TOP ONE ប្រទេសថៃ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់