ប្រទេសចំនួន ៨ចូលរួមព្រឹត្តិការណ៍ Asia Kukkiwon Taekwondo Hanmadang នៅកម្ពុជា

នូ មករា December 1, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ W.T.F (World Taekwondo Federation) ជើងឯកអាស៊ីដែលគេប្រសិទ្ធិនាមថា Asia Kukkiwon Taewondo Hanmadang បានចាប់ផ្ដើមជាផ្លូវការហើយចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រទេសចំនួន ៨ចូលរួមដូចជា៖ កម្ពុជាដែលជាម្ចាស់ផ្ទះ, ចិន, ឥណ្ឌូនេស៊ី, សាធារណរដ្ឋកូរ៉េ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, នេប៉ាល់ និង វៀតណាមដែលមានកីឡាករ-កីឡាការិនីចំនួន ៦៩៦នាក់ចូលរួម ។

នេះជាព្រឹត្តិការណ៍ដ៏ធំមួយរបស់ទ្វីបអាស៊ីដែលសហការរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយខេមរសហព័ន្ធតេក្វាន់ដូ និងក្រោមការឧបត្ថម្ភរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងស្ថាប័ន Kukkiwo (Taekwondo Head Quarter) ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតរួមមាន៦៦វិញ្ញាសា ក្នុងនោះសម្រាប់វិញ្ញាសាឯកត្តជនមាន ៤៥វិញ្ញាសា និងវិញ្ញាសាជាក្រុមមាន  ២១វិញ្ញាសា ក្នុងនោះមានវិញ្ញាសាមេគុន វិញ្ញាសាប្រើកណ្តាប់ដៃវាយបំបែក ប្រើកម្លាំងដៃកាប់បំបាក់ លោតទាត់យកកម្ពស់ លោតទាត់យកចម្ងាយ និងការសម្តែងពីរបៀបការពារខ្លួន ៕

អត្ថបទទ៖ វ៉ាន្នី

 

មតិយោបល់