ការប្រកួត វូស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិចាប់ផ្តើមទាំងប្រទាំងប្រទើស!

នូ មករា December 1, 2017


ភ្នំពេញ៖ ការប្រកួតកីឡាវូស៊ូជើងឯកជាតិឆ្នាំ២០១៧ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី១ ខែធ្នូនេះហើយនឹងត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែធ្នូខាងមុខ ខណៈដែលព្រឹត្តិការណ៍ប្រកួតនេះបានប្រព្រឹត្តទៅទាំងប្រទាំងប្រទើសស្របពេលដែលផ្ទៃក្នុងសហព័ន្ធរុំព័ទ្ធទៅដោយជម្លោះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មួយថ្ងៃមុនការប្រកួតចាប់ផ្តើមបានកើតមានការជជែកគ្នាតឹងសរសៃ ក ដោយសារតែក្រុមម្ខាងទាមទារឲ្យគណៈកម្មការបច្ចេកទេសពាក់អាវពណ៌លឿង រីឯក្រុមម្ខាងទាមទារពាក់អាវពណ៌ស ។

លោកហ៊ុន សាមុត ដែលជាប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាដែលជាអ្នកទទួលបន្ទុករៀបចំការប្រកួតនេះបានកាត់ក្ដីឲ្យមន្ត្រីបច្ចេកទេសពាក់អាវពណ៌ក្រហមដើម្បីកុំឲ្យមានប្រៀបលើគ្នា ។ គួរបញ្ជាក់ថា សហព័ន្ធនេះបានធ្វើមហាសន្និបាតម្ដងហើយតែដោយសារសមាសភាពគណៈកម្មាធិការប្រតិបត្តិមានសណ្ឋានជាគ្រួសារនិយមនោះទើបក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកមិនទទួលស្គាល់នោះឡើយ ពោលគឺទាំងអាជ្ញាធរកីឡា ទាំងអង្គការសង្គមកីឡា សុទ្ធតែទាមទារឲ្យសហព័ន្ធនេះធ្វើមហាសន្និបាតឡើងវិញជាបន្ទាន់។

ស្ថិតក្នុងស្ថានភាពគ្មានមេគ្មានកើយបែបនេះទើបអគ្គនាយកីឡាសម្រេចឲ្យនាយកដ្ឋានអប់រំកាយ និងកីឡាជាអ្នករៀបចំឲ្យមានការប្រកួតជើងឯកជាតិនេះឡើង ។ ការប្រកួតនេះមានក្លិបចំនួន ១២ចូលរួមដែលមានកីឡាករ-កីឡាការិនីចំនួន ២៨០នាក់ និងប្រកួតលើ ២៥វិញ្ញាសា ។ សូមបញ្ជាក់ដែរថា វូស៊ូ (Wushu) មាន ២ ប្រភេទគឺប្រភេទប្រយុទ្ធហៅថាវូស៊ូសាន់ស៊ូ (Wushu-Sanshu) ដែលមាន ៨ប្រភេទទម្ងន់គឺបុរសមាន ៥ប្រភេទទម្ងន់ និងនារី មាន ៣ ប្រភេទទម្ងន់ ។ មួយវិញទៀតគឺ វូស៊ូ សម្តែងដែលហៅថាវូស៊ូតាវលូ (Wushu Taolu) ដែលមាន ១៧វិញ្ញាសា ។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានមានប្រសាសន៍ថា ការប្រកួតត្រូវតែមានទោះបីសហព័ន្ធនេះអស់សុពលភាពក៏ដោយ ដោយការប្រកួតគឺជាការប្រកួត ចំណែកឯបញ្ហាសុពលភាពវាជារឿងដែលសហព័ន្ធត្រូវតែធ្វើ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់