ឯកឧត្តម ថោង ខុន ផ្ដល់ដំបូន្មាន ៥ចំនុចដើម្បីពង្រឹងសក្តានុពលកីឡាកាយសម្ព័ន្ធនៅកម្ពុជា

នូ មករា November 30, 2017


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី១ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តល់នូវដំបូន្មានល្អៗដល់អត្តពលិកកម្ពុជាចំនួន ៥ចំនុចដើម្បីជាការអភិវឌ្ឍខ្លួនរបស់ពួកគេឱ្យក្លាយជាកីឡាករ-កីឡាការិនីឆ្នើមសម្រាប់ប្រទេសជាតិ និងដើម្បីត្រៀមខ្លួន ប្រកួតយកមេដាយក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផងដែរ។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធផងនោះ ឯកឧត្តមថោង ខុន បានមានប្រសាសន៍ថា៖ «ថ្វីត្បិតបច្ចុប្បន្នវិស័យកីឡាកាយសម្ព័ន្ធចាប់ផ្ដើមមានភាពផុសផុលច្រើនជាងមុនប៉ុន្តែធនធានកីឡាករ-កីឡាការិនីឆ្នើមនៅមានកម្រិតនៅឡើយ ។ ដូច្នះយើងត្រូវទី១ បណ្ដុះបណ្ដាលថ្នាលតាមកម្រិតអាយុ និងបង្កើនគុណភាព និងគុណផលកីឡាករ-កីឡាការិនីតាមក្លឹប-សមាគមកីឡាកាយសម្ព័ន្ធឲ្យបានទូលំទូលាយ, ទី២ ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម មន្ដ្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព, ទី៣ ជំរុញឲ្យមានការប្រកួតបានច្រើន និងមានការហ្វឹកហាត់ជាប្រចាំ, ទី៤ ពង្រឹងរចនាសម្ព័នន្ធគ្រប់គ្រងសហព័ន្ធក្លឹប និងសមាគមទូទាំងប្រទេសឲ្យបានរឹងមាំ និងទី៥ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ។»

សូមបញ្ជាក់ថា ការប្រកួតកីឡាដណ្ដើមពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី១ ឆ្នាំ២០១៧ មានកីឡាករ-កីឡាការិនីជាង ៨០នាក់មកពីក្លឹប-សមាគមតាមខេត្តចំនួន ៤ ចូលរួម ដោយការប្រកួតបានធ្វើឡើងរយៈពេល ៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់