ព្រឹតិ្តការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ លើកទី២ នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ ខាងមុខ

នូ មករា November 30, 2017


ភ្នំពេញ៖ ក្រោយពីទទួលបានជោគជ័យកាលពីដើមឆ្នាំ២០១៧ រួចមកនោះ ព្រឹតិ្តការណ៍ប្រកួតកងយោធពលខេមរភូមិន្ទ នឹងរៀបចំជាលើកទី២ ក្នុងរយៈពេល ៣ថ្ងៃជាប់គ្នាពោលគឺពីថ្ងៃទី៥ ដល់ទី៧ ខែមករា ឆ្នាំ២០១៨ ខាងមុខនៅទីក្រុងរណបកោះពេជ្រ រាជធានីភ្នំពេញ។ តាមការគ្រោងទុក ការប្រកួតកីឡានេះនឹងបែងចែកជា ២ប្រភេទកីឡា គឺទី១-សម្រាប់កងកម្លាំងគឺប្រើកម្លាំងខ្លាំងត្រូវការពេលវេលាយូ និងសុខភាពមាំមួន (តែក៏បើកឲ្យមហាជនចូលរួមដែរ) ហើយទី២-គឺការប្រកួតបែបមហាជន។

សូមបញ្ជាក់ថា ការប្រកួតទាំង ២ប្រភេទនេះនឹងបែងចែកជា ៣វិញ្ញាសា ក្នុងនោះសម្រាប់ប្រភេទកីឡាទី១ មានវិញ្ញាសាដូចជា គឺរត់កុម្ម៉ង់ដូចម្ងាយ ៤គីឡូម៉ែត្រ, សែងហ្វ្រង់កាចម្ងាយ ១,៥គីឡូម៉ែត្រទម្ងន់៥០គីឡូក្រាមកាត់ឧបសគ្គ ។ ចំណែកវិញ្ញាសា រត់កុម្មង់ដូចម្ងាយ ៣គីឡូម៉ែត្រ, សែងហ្វ្រង់កា ១គីឡូម៉ែត្រទម្ងន់៥០គីឡូក្រាមកាត់ឧបសគ្គ គឺសម្រាប់អត្តពលិកមហាជន ដែលប្រភេទកីឡាទី២។ មន្រ្តីទទួលបន្ទុកខាងព័ត៌មានលោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ បានមានប្រសាសន៍ថា៖« ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីអបអរទិវារំដោះជាតិ៧មករា, ដើម្បីប្រមូលនិធិជួយសហគមន៍អតីតយុទ្ធជនកម្ពុជា, ដើម្បីបំផុសពីតួនាទីរបស់កងយោធពលខេមរភូមិន្ទឲ្យមហាជនបានស្គាល់ និងដើម្បីបង្កើនសហប្រតិបត្តិការរវាងមហាជន និងកងទ័ព»។

ម៉្យាងទៀតការប្រកួតនេះបានបង្ហាញសារពីបញ្ហាគ្រឿងញៀន និងទី២ ជំរុញឱ្យគោរពច្បាប់ចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះដែរ ការប្រកួតកីឡានេះក៏បង្ហាញពីសម្ភារៈ និងភាពយល់ដឹងដល់មហាជន ឬបង្ហាញពីទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ ទាំងជើងទឹក ជើងគោក និងអាកាស ដោយមានសាងសង់ជាទីបញ្ជាសិប្បនិមិត្ត មានព្រៃសប្បនិមិត្ត ព្រមទាំងឱ្យមហាជនបានដឹងពីលេណដ្ឋានពិតៗនៅសមរភូមិមុខរបស់កងទ័ព។ គួរបញ្ជាក់ផងដែរថា បេក្ខជនដែលមានចំណាប់អារម្មណ៍សូមទៅចុះឈ្មោះ ឬដាក់ពាក្យចូលរួមនៅទីតាំងមួយចំនួនដូចជានៅស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងភោជនីយដ្ឋាន Once More និងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មការរៀបចំការប្រកួត៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់