សហព័ន្ធកីឡាវាយសី ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ នៅខែក្រោយ

នូ មករា November 29, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសពីពេលវេលាសម្រាប់ការប្រកួតជើងឯកជាតិឆ្នាំ២០១៧ហើយគឺប្រកួតពីថ្ងៃទី៣ ដល់ទី៧ ខែធ្នូនៅទីលានវាយសីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ លោកឧត្តមសេនីយ៍ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ក្នុងមួយក្លិបឬមួយសមាគមអាចដាក់ពាក្យចូលរួមប្រកួតបានតែមួយក្រុមប៉ុណ្ណោះដែលក្នុងនោះត្រូវមានកីឡាករយ៉ាងតិច ៥រូបដោយក្រុមនីមួយៗត្រូវលេង ៥ប្រកួតក្រុមគឺវាយទោល ៣ប្រកួត និងវាយគូចំនួន ២ប្រកួត ហើយសម្រាប់ក្រុមដែលឈ្នះ ៣ប្រកួតចាត់ទុកថាជាក្រុមឈ្នះតែម្តង ។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវាយទោល និងវាយគូបុរសអាយុ ១៩ឆ្នាំឡើង។ វាយគូនិងវាយទោលអាយុក្រោម ១៩ឆ្នាំ វាយទោល និងវាយគូអាយុក្រោម១៧ឆ្នាំ។ វាយទោលអាយុក្រោម១៥ឆ្នាំយុវជន និងវាយទោលអាយុក្រោម ១៣ឆ្នាំកុមារា។ ចំពោះនារីមានវិញ្ញាសាវាយទោល និងវាយគូអាយុ១៩ឆ្នាំឡើង និងវិញ្ញាសាវាយទោលនារីអាយុក្រោម១៩ឆ្នាំ។ សម្រាប់ទម្រង់នៃការប្រកួតគឺអនុវត្តតាមរូបមន្តជម្រុះ (Knock-Out) ប៉ុន្តែសម្រាប់វិញ្ញាសាក្រុមបើមានក្លិបចូលរួមតិចជាង ៤ក្រុមនឹងមិនធ្វើការប្រកួតឡើយ តែបើមានចាប់ពី ៥ក្រុមឡើងទៅនឹងប្រកួតតាមរូបមន្តជម្រុះ។ 

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា ថវិកាដែលក្រសួងអប់រំយុវជន និងកីឡាតម្រូវឲ្យចាយវាយសម្រាប់ការប្រកួតមានចំនួន ៦.៧៥០ដុល្លារ(ជាង២៧លានរៀល) ប៉ុន្តែសម្រាប់ការប្រកួតនេះនឹងត្រូវចំណាយអស់រហូតដល់ទៅ ១២.៨០០ដុល្លារ ខណៈដែលនៅពេលនេះសហព័ន្ធកំពុងតែបន្តស្វះស្វែងរកដៃគូឧបត្ថម្ភ និងសប្បុរសជនដើម្បីយកមកបំពេញបន្ថែមឲ្យគ្រប់។  លោកអគ្គលេខាធិការរងបានឲ្យដឹងទៀតដែរថា សម្រាប់ឆ្នាំនេះរង្វាន់នឹងមានការកើនឡើងជាងបណ្ដាឆ្នាំកន្លងមក ពោលគឺសម្រាប់វិញ្ញាសាវាយក្រុមចំណាត់ថ្នាក់លេខ១ បានមេដាយមាស ៧គ្រឿងអមជាមួយទឹកប្រាក់ ៧៥០.០០០រៀល, លេខ២ មេដាយប្រាក់ ៧គ្រឿងអមជាមួយប្រាក់រង្វាន់ ៥០០.០០០រៀល និងលេខ៣ មេដាយសំរឹទ្ធ ៧គ្រឿង និងរង្វាន់អមចំនួន ៤០០.០០០រៀល ។ ចំណែកវិញ្ញាសាឯកត្តជនចំណាត់ថ្នាក់លេខ១ បានមេដាយមាស និងរង្វាន់អម ២០០.០០០រៀល, លេខ២ មេដាយប្រាក់ និងរង្វាន់អម ១៥០.០០០រៀល និងលេខ៣ បានមេដាយសំរឹទ្ធ និងទឹកប្រាក់ ១០០.០០០រៀល ។ រីឯវិញ្ញាសាវាយគូលេខ១ បានមេដាយមាស ២គ្រឿងអមជាមួយរង្វាន់ ៤០០.០០០រៀល, លេខ ២បានមេដាយប្រាក់ ២គ្រឿង និងរង្វាន់អម ៣០០.០០០រៀល និងលេខ ៣បានមេដាយសំរិឹទ្ធ ២គ្រឿងជាមួយទឹកប្រាក់អម ២០០.០០០រៀល៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់