លោកហែម គីរី បញ្ចប់ការសិក្សាវគ្គគ្រូបង្វឹកហែលទឹកជនពិការនៅសិង្ហបូរី

នូ មករា November 29, 2017


ភ្នំពេញ៖ លោកហែម គីរី អតីតគ្រូបង្វឹកហែលទឹកជម្រើសជាតិដែលសព្វថ្ងៃបានក្លាយជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះបានត្រឡប់មកដល់ស្រុកខ្មែរវិញហើយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញបន្ទាប់ពីបានកចំណាយពេល ៣ថ្ងៃទៅសិក្សាវគ្គគ្រូបង្វឹកហែលទឹកសម្រាប់ជនពិការនៅប្រទេសសិង្ហបូរីរួចមក ។ គួរបញ្ជាក់ថា នេះជាវគ្គសម្រាប់ប៉ារ៉ាឡាំពិក (កីឡាជនពិការតែដោយសារខាងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមិនមាននរណាអាចទៅសិក្សាបានក៏សម្រេចផ្ទេរមកឲ្យសហព័ន្ធខ្មែរកីឡាហែលទឹកទៅសិក្សាជំនួសវិញព្រោះការសិក្សានៅក្រៅប្រទេសបែបនេះត្រូវការចាំបាច់នូវចំណេះដឹងផ្នែកភាសាបរទេស។

លោកហែម គីរី បានប្រាប់ឲ្យដឹងថា វគ្គនេះគឺគេធ្វើឡើងសម្រាប់ប៉ារ៉ាឡាំពិកបណ្ដាប្រទេសអាស៊ានដែលគ្រូជាជនជាតិអាល្លឺម៉ង់មកពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ហើយនេះជាការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តតែម្ដង។លោកបានបន្តថា លោកបានរៀនតែវគ្គគ្រូបង្វឹកប៉ុណ្ណោះប៉ុន្តែការវាយតម្លៃពីប្រភេទពិការគឺជាកាតព្វកិច្ចរបស់ប៉ារ៉ាឡាំពិកកម្ពុជា ។ ចំណែកការប្រកួតកីឡាជនពិការគឺត្រូវមានការវាយតម្លៃពីប្រភេទពិការដើម្បីបែងចែកការប្រកួតទៅតាមប្រភេទនៃភាពពិការនោះ។ លោកក៏បានអះអាងដែរថា លោកនឹងរកពេលវេលាសមស្របមួយដើម្បីបើកវគ្គផ្ទេរនូវអ្វីដែលលោកបានសិក្សានេះទៅដល់គ្រូបង្វឹករបស់ប៉ារ៉ាឡាំពិកកម្ពុជាដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់