សហព័ន្ធកីឡា E-Sport រៀបចំការប្រកួត Cyberfusion 2017 ត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម២០២៣

នូ មករា November 28, 2017


ភ្នំពេញ៖ ក្រោយពីក្រុមកីឡាករ Intelligent Quotient បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់ជាច្រើនដំណាក់កាលកន្លងទៅនោះពួកគេបានក្លាយខ្លួនជាក្រុមខ្លាំងលំដាប់ទី១ ដោយបានគ្រោងជើងឯកពានរង្វាន់ Cyberfusion 2017 (Dota 2) រដូវកាលទី១ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport) និងក្រុមហ៊ុន វេសថិច មេឌា លីមីធីត ដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់ប្រាក់រង្វាន់ជ័យលាភីក៏មិនធម្មតាដែរ ដោយក្រុមជើងឯក Intelligent Quotient ទទួលបាន ៥,០០០ដុល្លារ, ក្រុមជើងឯករង Glory5 ទទួលបាន ៣,០០០ដុល្លារ, ក្រុមលេខ៣ The Horde ទទួលបាន ១,៥០០០ដុល្លារ និងក្រុមលេខ៤ CA-ទទួលបាន ១,០០០ដុល្លារ ។ ចំណែកក្រុម HSM និង Great Seven ដែលឈរលេខ៥ និងលេខ៦ ទទួលបាន ៧៥០ដុល្លារស្មើគ្នា ខណៈក្រុម Dager Gaming និងក្រុម Sky Gaming ទទួលបាន ៥០០ដុល្លារដូចគ្នា ។

លោក ជា ច័ន្ទបូរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា៖ «នេះជាការប្រកួតមួយដ៏សំខាន់សម្រាប់កម្ពុជា ដែលយើងគ្រប់គ្នាត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅរកការប្រកួតលក្ខណៈអន្ដរជាតិនាពេលខាងមុខ ពិសេសគឺការត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះតែម្ដង» ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានបែងចែកជា ៣ដំណាក់កាលដោយមាន ៥០ក្រុមចូលរួមក្នុងនោះដំណាក់កាលទី១ គឺបានប្រកួតតាំងពីថ្ងៃទី១៧-១៧ ខែមិថុនា ឆ្នាំ២០១៧ មាន ៣០ក្រុមចូលរួម ហើយបានប្រកួតជម្រុះសល់ ៣ក្រុម និងអញ្ជើញផ្ទាល់ ១ក្រុមឡើងមកចាំដំណាក់កាលផ្ដាច់ព្រ័ត្រ នោះគឺក្រុម Intelligent Quotient ។ រីឯដំណាក់កាលទី២ គឺប្រកួតកាលពីថ្ងៃទី១៦-១៧ ខែកញ្ញាមាន ២០ក្រុមចូលរួម ហើយបានជម្រុះសល់ ៤ក្រុម ដើម្បីឡើងជុំផ្ដាច់ព្រ័ត្រដូចគ្នា ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់