ការប្រណាំងរថយន្ដ Rally នឹងធ្វើឡើងនៅខេត្តមណ្ឌលគីរី ខែក្រោយនេះ

នូ មករា November 27, 2017


ភ្នំពេញ៖ ការប្រណាំងរថយន្ដ និងម៉ូតូឆ្លងកាត់ឧបសគ្គនឹងធ្វើឡើងនៅខេត្តមណ្ឌលគីរីចាប់ពីថ្ងៃទី៨ ដល់១១ ខែធ្នូ ដើម្បីជាការរួមចំណែកផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍របស់កម្ពុជា។ ថ្លែងក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាម្សិលមិញនេះ លោកពៅ តឹកឡេង អគ្គនាយកក្រុមហ៊ុន KARA (Kampuchea Autosport Racing Agency) ដែលជាភ្នាក់ងាររៀបចំការប្រណាំងយានយន្ដដ៏ធំតែមួយគត់នៅកម្ពុជាបានឲ្យដឹងថា ការប្រណាំងនេះជាការប្រណាំងកម្រិតអាជីពដែលអ្នកប្រណាំងឡានប្រភេទ Rally ដ៏ល្បីៗមកពីប្រទេសអុីស្រាអែល, អូស្ត្រាលី, ញូវហ្សេឡិន, ហូល្លង់, អាមេរិក, ចក្រភព, អង់គ្លេស, ថៃ, ឥណ្ឌា និងកម្ពុជា ដែលជាម្ចាស់ផ្ទះ។

  នៅក្នុងការប្រណាំងនេះមាន ៤ប្រភេទគឺ៖ ម៉ូតូដែលមានកម្ពុជា និងបរទេសចុលរួមនោះមានចំនួន ២២គ្រឿង, ប្រណាំងរថយន្ដកម្រិតជាតិប្រភេទ UTV ដែលមានរថយន្ដចំនួន ៥គ្រឿង និងអ្នកបើកបរ ៥រូបព្រមទាំងជំនួយការ ៥រូបដែលក្នុងនោះមាន ៨រូបជាជនជាតិខ្មែរ និង២រូបជាជនជាតិថៃ។ មួយទៀតគឺការប្រណាំងរថយន្ដកម្រិតជាតិដែលមាន ១០រថយន្ដ និងមានអ្នកបើកបរ ១០រូប និងជំនួយការ១០រូបដែរ និងការប្រណាំងរថយន្ដអន្តរជាតិមាន ៦រថយន្ដដែលមានអ្នកបើកបរ ៦រូប អ្នកជំនួយការ ៦រូបដែលក្នុងនេះថៃ ១១រូប និងឥណ្ឌា ១រូប។

តាមការគ្រោងទុកការប្រណាំងសម្រាប់ថ្ងៃទី១ នឹងធ្វើលើកំណាត់ផ្លូវចម្ងាយ ៣៨គីឡូម៉ែត្រដោយឆ្លងកាត់ទីក្រុងសែនមនោរម្យ និងផ្លូវព្រលានយន្ដហោះដែលនេះជាការប្រកួតជម្រុះ។ ចំណែកថ្ងៃទី២ ដែលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើលើកំណាត់ផ្លូវ ៤៧គីឡូម៉ែត្រដោយឆ្លងកាត់ឃុំដាក់ដាំ ស្រុកអូររាំង។ លោកហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្ដកម្ពុជាបានឲ្យដឹងដែរថា ការប្រណាំងប្រភេទ Rally គឺចេញម្ដងមួយៗហើយគេគណនាដោយបូកពេលវេលា ហើយបើនរណាប្រើពេលវេលាតិចជាងគេនោះគឺជាអ្នកឈ្នះ ។

លោកបានបន្តថាការប្រណាំងនេះធ្វើនៅតំបន់ភ្នំដោយឆ្លងកាត់តំបន់ដីក្រហមឆ្លងស្ពាន  ឆ្លងអូរ កាត់តំបន់ភក់ ឡើងភ្នំ និងចុះភ្នំ ហើយវាជាការប្រណាំងលើកទី១ ដែលនឹងមានលើកទី២ទៀតហើយលើកទី២ នឹងធ្វើនៅតំបន់ផ្សេងពីនេះ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់