កីឡា ២៥ប្រភេទគ្រោងនឹងដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំក្រោយ

នូ មករា November 27, 2017


ភ្នំពេញ៖ នាយកដ្ឋានអប់រំកាយ និងកីឡា បានត្រៀមរួចជាស្រេចហើយនូវកីឡាចំនួន ២៥ប្រភេទដែលត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ (2nd National Games) ដោយប្រភេទកីឡាទាំង២៥នោះមានដូចជា៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F (World Taekwondo Federation) របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ, តេក្វាន់ដូ I.T.F(International Taekwondo Federation) របស់កូរ៉េខាងជើង, ការាតេដូ, ប្រដាល់គុនខ្មែរ, យូដូទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់ និងគុនដាវ។

យ៉ាងណាក៏ដោយ លោកហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានបញ្ជាក់ថា ប្រភេទកីឡាទាំងនេះអាចនឹងមានការប្រែប្រួលខ្លះៗព្រោះនេះគ្រាន់តែជាការកំណត់ជំហានដំបូងប៉ុណ្ណោះ ម្យ៉ាងទៀតត្រូវយករឿងនេះទៅជជែកជាមួយគណៈកម្មាធិការជាតិអូឡាំពិកទៀតផង។ គួរបញ្ជាក់ថា កាលពីការប្រកួតកីឡាជាតិលើកទី១ (1st National Games) ប្រភេទកីឡាដែលដាក់ឲ្យប្រកួតមានតែ ១៥ប៉ុណ្ណោះតែលើកទី២នេះបង្កើនដល់ ២៥ប្រភេទកីឡា។ ជាមួយគ្នានេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ដែរថា ទាំងពិធីបើក និងពិធីបិទនឹងកាន់តែធ្វើឲ្យល្អប្រសើរជាងលើកទី១ កាលពីឆ្នាំ២០១៦ព្រោះអ្វីៗត្រូវតែល្អជាងលើកទី១ដើម្បីឲ្យអ្វីៗកាន់តែប្រសើរនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣។ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ដែរថា កាលបរិច្ឆេទនៃការប្រកួតកីឡាជាតិលើកទី២ គឺធ្វើនៅក្នុងខែតុលាដូចកាលពីលើកទី១ដែរ។ សម្រាប់លើកទី២នេះទាំងគុណភាពនៃការរៀបចំទាំងគុណភាពអត្តពលិក មន្ត្រីបច្ចេកទេស មន្ត្រីរៀបចំការប្រកួតត្រូវតែមានគុណភាពជាងលើកទី១។

លោកអគ្គនាយកក៏ព្រមានដល់សហព័ន្ធកីឡាជាតិមួយចំនួនដែលដែលមានបញ្ហាបក្សពួកនិយមធ្វើឲ្យមន្ត្រីជើងចាស់ដើរចេញលុះមានការប្រកួតគ្មានមន្ត្រីបច្ចេកទេសក៏ដើរខ្ចីពីសហព័ន្ធរបស់គេឲ្យមកជួយដែលបញ្ហបែបនេះធ្វើឲ្យគុណភាពប្រកួតមិនបានល្អ។ ចំណែកសហព័ន្ធជាតិដែលមានបញ្ហាបែបនេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ប្រយ័ត្នដល់ពេលប្រកួតកីឡាជាតិតាំងស្រែកថាសហប័ន្ធខ្លួនគ្មានមន្ត្រីបច្ចកទេស។ លោកបញ្ជាក់ថា ត្រូវលើកទឹកចិត្តដល់ចាស់ៗ និងខិតខំបណ្ដុះបណ្ដាលដល់ក្មេងៗកុំធ្វើការងាររបៀបលេងសើចបន្តទៅទៀត៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់