សហព័ន្ធកីឡាកាយសម្ព័ន្ធបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋាន

នូ មករា November 24, 2017


ភ្នំពេញ៖ ក្នុងខណៈដែលសហព័ន្ធកីឡាកាយសម្ព័ន្ធបើកការប្រកួតដណ្ដើមពានរង្វាន់លោកថោង ខុន លើកទី ១នោះសហព័ន្ធនេះក៏បានបើកវគ្គបណ្ដុះបណ្ដាលចៅក្រមកម្រិតមូលដ្ឋានរយៈពេល ៣ថ្ងៃគឺពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា។ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថាវគ្គនេះឧទ្ទេសនាមដោយលោកសោ សុផេង និងលោកវាស សារិទ្ធ។ សិក្ខាកាមមានចំនួន ២០រូបដែលមកពីរាជធានីភ្នំពេញ, ខេត្តតាកែវ, ខេត្តក្រចេះ និងខេត្តកំពង់ឆ្នាំង។ ចំពោះការប្រកួតដណ្ដើមពានរង្វាន់លោកថោង ខុន លើកទី១ និងជាការប្រកួតជើងឯកជាតិផងនោះមានកីឡាករកីឡាការិនីចូលរួមចំនួន ៨០រូបមកពីរាជធានីភ្នំពេញ, កំពង់ឆ្នាំង, ក្រចេះ តាកែវ ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា។

កាយសម្ព័ន្ធមាន ២ប្រភេទគឺ កាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic) និងកាយសម្ព័ន្ធអាទីស្ទិក (Artistic Gymnastic) ។សម្រាប់កាយស្ព័ន្ធអាទីស្ទិកមានតែសម្រាប់បុរសប៉ុណ្ណោះដែលក្នុងនោះមានវិញ្ញាសាសម្តែងលើឧបករណ៍ទាំង ៥គឺលើកម្រាលសេះលោត, សេះកងរបារស្របកង និងលើរបារនឹង។ វិញ្ញាសាជំនាញជាមួយឧបករណ៍សេះលោត (Vaulting Table man) ឧបករណ៍ជំនាញសេះកង (Pommel Hors) ជំនាញលើកម្រាល (Floor Man) ជំនាញកង (Ring) ជំនាញរបានឹង (High Bar) ជំនាញរបារស្រប (Parrallel Bars) និងសម្តែងជាក្រុម ៦នាក់ ។

ចំពោះវិញ្ញាសាអាអេរ៉ូប៊ិ កវិញនោះមានអាអេរ៉ិកឯកត្តជនបុរស(Man Individual) ឯកត្តជននារី(Woman Individual) គូចម្រុះបុរសនារី (Mix Pair) អាអេរ៉ូប៊ិកទ្រីយ៉ូបុរសនារី (Trio) និងសម្តែងជាក្រុម ៥នាក់ ។ លោកអគ្គលេខាធិការបាន ប្រកាសជាមុនថាសម្រាប់ឆ្នាំនេះលុយរង្វាន់នឹងត្រូវបង្កើនទ្វេរដងដោយបណ្ដាឆ្នាំកន្លងមកអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ១ បានរង្វាន់ ១៥០.០០០រៀលតែឆ្នាំនេះសហព័ន្ធបង្កើនដល់ ៣០០.០០០រៀល ។ចំណាត់ថ្នាក់លេខ២ រាល់ឆ្នាំបាន ១០០.០០០រៀលឆ្នាំនេះបង្កើនដល់ ២៥០.០០០រៀល និងចំណាត់ថ្នាក់លេខ៣ ដែលរាល់ឆ្នាំបាន ៨០.០០០រៀលនោះឆ្នាំនេះនឹងបង្កើនដល់ ១៥០.០០០រៀល ។ គួរបញ្ជាក់ថាការប្រកួតឆ្នាំនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាចំណាយថវិកាអស់ប្រមាណ ៦៣លានរៀល៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់