ក្រុមក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេក្នុងការប្រកួតហែលទឹកជ្រើសរើសជើងឯកជាតិឆ្នាំនេះ

នូ មករា November 23, 2017


ភ្នំពេញ៖ ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកជាតិឆ្នាំ២០១៧ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២០ ខែវិច្ឆិកាមកនោះបានបញ្ចប់ជាស្ថាពរហើយនៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកាម្សិលមិញនេះ ។ នៅក្នុងពិធីបិទក៏មានការអញ្ជើញចូលរួមពីសំណាក់លោកហែម ចាន់លី និងលោកឧត្តមសេនីយ៍ជា ប៊ុនហេង​ ដែលជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក​ ដើម្បីបំពាក់មេដាយ និងផ្ដល់រង្វាន់ដល់ជ័យលាភី។ នៅក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុមក្រសួងមហាផ្ទៃដណ្ដើមបានមេដាយមាសចំនួន ៧គ្រឿង ខណៈដែលក្លិបព្រឹទ្ធាចារ្យហែម ថុន ដណ្ដើមបានមេដាយមាស ៦គ្រឿង។ ចំពោះក្លិបនាគរាជខេត្តកំពង់ចាមដណ្ដើមបានមេដាយមាស ២គ្រឿង និងក្លិបជ្រោយចង្វារបានមេដាយមាស ១គ្រឿង។  លោកហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថាសម្រាប់ការប្រកួតនេះមានកីឡាករកីឡាការិនី ៨៥នាក់ ក្នុងនោះមានកីឡាការិនី ៣៥នាក់មកពីបណ្តាក្លិបចំនួន ៨រាជធានីខេត្ត។  ការប្រកួតត្រូវបានបែងចែកតាមកម្រិតអាយុរបស់កីឡាករកីឡាការិនីដែលមានដូចជាផ្នែកបុរសក្របខណ្ឌក២ និងផ្នែកនារីក្របខណ្ឌក២ និងមានអាយុក្រោម១៨ ឆ្នាំ គិត ត្រឹមថ្ងៃប្រកួត បុរសក្របខណ្ឌក១ នារីក្របខណ្ឌក១ ដែលជាកីឡាករកីឡាការិនីជម្រើសជាតិ។

ការប្រកួតឆ្នាំនេះមាន២៦វិញ្ញសា គឺផ្នែកនារីក្របខណ្ឌក២ មាន៦វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកកង្កែប ៥០ម៉ែត្រ ហែលទឹកផ្ងារ ៥០ម៉ែត្រ ហែលទឹកមេអំបៅ៥០ម៉ែត្រ ហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ និង ហែលទឹកបណ្តាក់សេរី ១០០ ម៉ែត្រ៤ដង។ ផ្នែកបុរសក្របខណ្ឌក២ មាន៧វិញ្ញសា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែល ទឹក សេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ ហែលទឹក ៤របៀប ឯកត្តជន ២០០ម៉ែត្រ និងហែលទឹក៤របៀបបណ្តា១០០ម៉ែត្រ៤ដង ។

ចំណែកផ្នែកនារីក្របខណ្ឌក១ មាន៥វិញ្ញសា រួមមានហែលទឹកសេរី ១០០ម៉ែត្រ ហែលទឹកកង្កែប១០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន២០០ម៉ែត្រ រីឯផ្នែកបុរសក្របខណ្ឌក១ មាន៧វិញ្ញ សា រួមមានហែលទឹកសេរី ៥០ម៉ែត្រ ហែលទឹកសេរី២០០ម៉ែត្រ  ហែលទឹកសេរី៤០០ម៉ែត្រ  ហែលទឹកកង្កែប១០០ ម៉ែត្រ ហែលទឹកកង្កែប២០០ម៉ែត្រ ហែលទឹកផ្ងារ ១០០ម៉ែត្រ ហែលទឹកមេអំបៅ១០០ម៉ែត្រ និងហែលទឹក៤របៀបឯកត្តជន ២០០ ម៉ែត្រ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់