សមាគមកីឡាចំបាប់បារមីម៉ឺនឯក ក្លាយជាទីបណ្តុះបណ្តាលថ្នាលសម្រាប់សុីហ្គេម២០២៣​ ជាផ្លូវការ

នូ មករា November 18, 2017


ភ្នំពេញ៖​ កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា បានធ្វើការប្រកាសទទួលស្គាល់សមាគមកីឡាចំបាប់បារមីម៉ឺនឯក ជាផ្លូវការ ក្រោយសមាគមនេះមានអត្តលពលិកឆ្នើមៗច្រើនជាងគេនៅក្នុងប្រទេស។ អគ្គលេខាធិការសហព័ន្ទកីឡាចំបាប់កម្ពុជាលោក ធិន វិចិត្រ បានឱ្យដឹងថា មូលហេតុដែលសហព័ន្ធបានសម្រេចប្រកាសទទួលស្គាល់សមាគមនេះ ដោយសារតែសហព័ន្ធបានសម្លឹងឃើញថា កីឡាករ កីឡាការិនីជម្រើសជាតិបច្ចុប្បន្ន គឺសុទ្ធសឹងតែចេញមកពីឃុំវិហារសួគ៌នេះតែម្តង ចំនុចសំខាន់នោះមានលោក ចាប លឿន ជាអតីតកីឡាករជម្រើសជាតិជាគ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនីវ័យក្មេងភាគីច្រើននោះទីនោះ ព្រមទាំងមានការគាំទ្រពីអាណាព្យាបាលពួកគាត់ក្នុងការហ្វឹកហាត់កីឡាចំបាប់នេះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាកន្លែងបណ្តុះបណ្តាលថ្នាលនិស្ស័យ និងតម្រង់ទិសរបស់កីឡាចំបាប់ផងដែរ សម្រាប់ត្រៀមប្រកួតនានាទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសស្វែងរកកីឡាករ កីឡាការិនីវ័យក្មេងដែលមានសមត្ថភាពត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយនឹងការប្រកាសទទួលស្គាល់នេះដែរ លោកធិន វិចិត្រ ក៏បានឧបត្ថម្ភកម្រាលហ្វឹកហាត់មួយឈុតរបស់ក្រុមជម្រើសជាតិជូនសមាគមសម្រាប់ធ្វើការហ្វឹកហាត់ ហើយលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា បានឧបត្ថម្ភថវិកា ២លាន ៥០ម៉ឺនរៀល ដល់សមាគមកីឡាចំបាប់បារមីម៉ឺនឯក សម្រាប់ត្រៀមចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាចំបាប់ដែលធ្វើនៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី២៣ដល់ទី២៤ ខែវិច្ឆកា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ ៕

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់