កម្ពុជាសម្រេចបង្កើតសហព័ន្ធកីឡា Taekyeon​​ ជាថ្នូរនឹងការលើកស្ទួយល្បុក្កតោ​នៅប្រទេសកូរ៉េ

នូ មករា November 18, 2017


ភ្នំពេញ៖​ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ​ខែវិច្ឆិកានេះ​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកកម្ពុជា បានចុះហត្ថលេខាជាមួយតំណាងសហព័ន្ធកីឡា Taekyeon មកពីសាធារណរដ្ឋកូរ៉េខាងត្បូងដើម្បីបង្កើតសហព័ន្ធកីឡានេះនៅកម្ពុជា ។ Taekyeon ជាប្រភេទកីឡាយុទ្ធសិល្ប៍បូរាណកូរ៉េ (Traditional Korean Martial Art) ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីទទួលស្គាល់ថាជាសម្បត្តិវប្បធម៌អរូបីយ៍របស់មនុស្សជាតិរួចហើយ ។ វាជាក្បាច់គុនដែលចំណាស់ជាងគេ និងជាប្រភពដើមនៃក្បាច់គុនតេក្វាន់ដូ ។ សូមបញ្ជាក់ថា​ កម្ពុជាសម្រេចបង្កើតសហព័ន្ធក្បាច់គុនតេក្យុននេះនៅកម្ពុជា​ ខណេះដែលកូរ៉េគេក៏សម្រេចបង្កើតសហព័ន្ធល្បុក្កតោ​នៅប្រទេសរបស់គេដែរ ។ជាមួយនឹងការសម្រេចបង្កើតសហព័ន្ធកីឡាតេក្យុននេះនៅថ្ងៃទី១៩​ ខែវិច្ឆិកាខាងមុខនៅខេត្តសៀមរាបក៏នឹងមានធ្វើសិក្ខាសាលារួមគ្នារវាងគុនល្បុក្កតោជាមួយតេក្យុនដែរ ។

គួរបញ្ជាក់ថា​ ដោយការយោគយល់គ្នា និង រួមគ្នាផ្សព្វផ្សាយពីកីឡានេះសហព័ន្ធតេក្យុនកូរេអះអាងពីការជួយជំរុញដល់អង្គការយូណេស្កូដើម្បីបញ្ចូលក្បាច់គុនល្បុក្កតោនេះទៅជាសម្បត្តិវប្បធម៍អរូបីយ៍របស់មនុស្សជាតិទៀតផង ។​ ​​​សូមបញ្ជាក់ដែរថា រាល់ព្រឹត្តិការណ៍មហោស្រពយុទ្ធសិល្ប៍ពិភពលោក កូរ៉េតែងតែដាក់ក្បាច់គុនតេក្យុននេះចូលរួមដូចកម្ពុជាដាក់ក្បាច់គុនល្បុក្កតោដែរ ហើយសហព័ន្ធថ្មីថ្មោងនេះមាន ​លោក វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធតែម្ដង ៕

អត្ថបទ៖​​ វ៉ាន្នី

 

មតិយោបល់