ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានការផ្លាស់ប្តូរក្នុងពេលប្រារព្ធ «ពិធីកាត់ព្រ័ត្រ» ខុសពីឆ្នាំមុនៗ

នូ មករា October 19, 2017


ភ្នំពេញ៖ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនឹងឈានមកដល់ហើយនៅថ្ងៃទី២ ទី៣ និងទី៤ ខែវិច្ឆិកាខាងមុខនេះហើយ ដោយពិធីបុណ្យនេះគឺជាប្រពៃណីមួយរបស់កម្ពុជាដែលបង្ហាញពីប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមជើងទឹក ដោយពីមួយឆ្នាំទៅមួយឆ្នាំពិធីបុណ្យនេះតែងតែមានការប្រែប្រួលចំនួនទូករហូត ។ ជាមួយគ្នានេះក្រៅពីការប្រកួតទូកធម្មតានោះក៏មានការប្រកួតទូកគូពិសេសដែលជាប្រភេទទូកដែលមានល្បឿនលឿនជាងគេ ។

ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអាប់រំយុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការបច្ចេកទេស ព្រមទាំងជាប្រធានគណៈកម្មការមេប្រយោគនៃពិធីបុណ្យអុំទូកបានមានប្រសាសន៍ឲ្យដឹងថា៖ «គិតត្រឹមពេលនេះចំនួនទូកដែលបានចុះឈ្មោះចូលរួមប្រកួតមានចំនួន ១៧០ហើយតែចំនួននេះនៅមិនទាន់ពិតប្រាកដទេ បើធៀបកាលពីឆ្នាំទៅ ទូកមានចំនួន ១៥៧តែឆ្នាំនេះហាក់ដូចជាកើនឡើងបន្តិច» ។ ឯកឧត្តមបានបន្តថា៖ «អ្វីដែលថ្មីសម្រាប់ពិធីបុណ្យអុំទូកឆ្នាំនេះគឺពិធីកាត់ព្រ័ត្រនឹងត្រូវពន្យារពេល ១៥នាទីដើម្បីទុកឲ្យមេឃងងឹតបន្តិចសិនព្រោះសម្ដេចចៅហ្វាវាំងគង់ សំអុល នឹងឲ្យគ្រប់ទូកទាំងអស់មានពិលអគ្គីសនីហើយនៅពេលកាត់ព្រ័ត្រពិលនោះនឹងត្រូវបើកដើម្បីឲ្យផ្ទៃទឹកទន្លេលម្អដោយពន្លឺភ្លើងពិលព្រមៗគ្នា» ។

ចំពោះគោលការណ៍បច្ចេកទេសវិញ ឯកឧត្តមបានបញ្ជាក់ថា ទីចេញដំណើរត្រូវបានរៀបចំជាពោងដើម្បីកុំឲ្យមានទូកខ្លះចេញមុនទាំងបំពាន ចំណែកឯទូកខ្លះចេញក្រោយធ្វើបែបនេះដើម្បីឲ្យអ្វីៗវាមានភាពសុក្រឹតជាងមុន ។ សូមបញ្ជាក់ដែរថា គណៈកម្មការបច្ចេកទេសរបស់ក្រសួងអប់រំយុវជន និងកីឡាមានសមាជិកចំនួនជាង ២០០នាក់ក្រៅពីនេះនៅមានផ្នែកសង្គ្រោះរបស់ក្រសួងសុខាភិបាល ក្រុមសង្គ្រោះលើផ្ទៃទឹករបស់បញ្ជាការដ្ឋានកងទ័ពជើងទឹក រួមទាំងនគរបាលជើងទឹកផងដែរ ។

ក្នុងការប្រកួតរយៈពេល ៣ថ្ងៃនេះគឺកំណត់ការចេញដំណើរនៅវេលាម៉ោង១១ថ្ងៃត្រង់ ។ ចំពោះចម្ងាយប្រកួតគឺ ១.៧០០ម៉ែត្រពីទីចេញដំណើរមកដល់កងព័ន្ធទី១ ចម្ងាយ ១.០០០ម៉ែត្រ ពីកងព័ន្ធទី១ ដល់កងព័ន្ធទី២ ចម្ងាយ ៥០០ម៉ែត្រ និងពីកងព័ន្ធទី២ ដល់ទីផ្ដាច់ព្រ័ត្រចម្ងាយ ២០០ម៉ែត្រ ។ ចំពោះរបៀបចាត់ចំណាត់ថ្នាក់គឺទូកដែលឈ្នះ ៣ថ្ងៃជាប់គ្នាបានចំណាត់ក្នុងផែនលេខ២, ទូកដែលឈ្នះបាន ២ថ្ងៃផែនចំណាត់ថ្នាក់លេខ២, ទូកឈ្នះបានមួយថ្ងៃចំណាត់ថ្នាក់លេខ៣ រីឯទូកដែលចាញ់ ៣ថ្ងៃជាប់គ្នាបានចំណាត់ថ្នាក់លេខ ៤ ។ ចំពោះទូកគូពិសេសកាលពីឆ្នាំមុនមានចំនួន ៨០ទូកតែឆ្នាំនេះនៅមិនទាន់ដឹងនៅឡើយទេ ។ ទូកគូពិសេសការចាត់ចំណាត់ថ្នាក់គឺគិតពីថិរវេលា ហើយទូកគូពិសេសនេះចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ នឹងត្រូវព្រះមហាក្សត្រប្រទានរង្វាន់ជូនផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត