កម្ពុជាត្រៀម ៦ ប្រភេទកីឡាសម្រាប់ប្រកួតអូឡាំពិកយុវជន ឆ្នាំ២០១៨ នៅអាហ្សង់ទីន

នូ មករា October 17, 2017


ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមប្រភេទកីឡាចំនួន៦ ប្រភេទដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅប្រទេសអាហ្សង់ទីន។ ឯកឧត្តមបានចាត់ទុកថានេះជាកាតព្វកិច្ចមួយសម្រាប់ប្រទេសដែលជាសមាជិកត្រូវតែចូលរួម ដោយការប្រកួតនេះមិនតម្រូវឲ្យធ្វើការប្រកួតជម្រុះតាមតំបន់ ឬទ្វីបនោះទេ ប៉ុន្តែប្រទេសទាំងអស់ត្រូវតែមានតម្លាភាពក្នុងការជ្រើសរើសកីឡាករ-កីឡាការិនិវ័យក្មេងរបស់ខ្លួន ហើយសូមកុំឲ្យកម្រិតគុណផល (Perfomance)របស់អត្តពលិក មានគម្លាតឆ្ងាយពីប្រទេសដទៃពេក ។

ចំពោះ ៦ប្រភេទកីឡាដែលកម្ពុជាត្រៀមសម្រាប់ទៅចូលរួមនោះគឺ៖ កីឡាហែលទឹក អត្តពលកម្ម ចំបាប់ កាយសម្ព័ន្ធ តេក្វាន់ដូ និង កីឡាវាយកូនបាល់ ។ សម្រាប់ប្រភេទកីឡាវាយកូនបាល់ កាយសម្ព័ន្ធ និងហែលទឹក បានបញ្ចប់ការធ្វើតេស្តដើម្បីជ្រើសរើសកីឡាករ កីឡាការិនីវ័យក្មេងដែលមានគុណផលល្អរួចហើយ ។

លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា គិតមកទល់ពេលនេះ សហព័ន្ធបានចម្រាញ់ក្មេងៗល្អៗចំនួន ៣០នាក់រួចហើយបន្ទាប់មកជ្រើសរើសយក ១០នាក់មកហ្វឹកហាត់ដើម្បីត្រៀមចម្រាញ់យកតែមួយរូបប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោកទេព រិទ្ធីវិទ្ធ អគ្គលេខាធិការកីឡាវាយកូនបាល់ក៏អះអាងដែរថា ខាងលោកក៏បានជ្រើសរើសរួចហើយដែរ ។ រីឯលោកហែម គីរី ដែលជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានបញ្ជាក់ដែរថា សហព័ន្ធនេះបានបញ្ចប់ការធ្វើតេស្តជ្រើសរើសកីឡាករ-កីឡាការិនីវ័យក្មេងរបស់ខ្លួនរួចរាល់ដែរហើយ ។

ចំពោះសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្តវិញនោះលោកប៉ែន វុទ្ធី ដែលជាអគ្គលេខាធិការបានឲ្យដឹងថា លោកបានធ្វើតេស្តចំនួន ២លើកហើយដែលមានអ្នកចូលរួមដំបូងចំនួន ៥០នាក់ ។ លោកក៏កំពុងតែត្រៀមធ្វើតេស្តជាលើកទី៣ បន្តទៀតដែរ ។ លោកបានបញ្ជាក់ថា សហព័ន្ធបានសម្លឹងឃើញក្មេងមួយរូបនៅខេត្តឧត្តរមានជ័យ ដែលមានគុណផលល្អណាស់ហើយលោកកំពុងតែត្រៀមហៅគេមកធ្វើតេស្តនាពេលខាងមុខ ។ លោកអគ្គលេខាធិការបន្តថា៖ «សម្រាប់ប្រភេទកីឡាអត្តពលកម្មរបស់យើងគឺត្រៀមយកទៅចូលរួមចំនួន ២រូបគឺម្នាក់លេងរត់ល្បឿន និងម្នាក់ទៀតលេងរត់ចម្ងាយ ។

ទន្ទឹមនឹងនេះ លោកឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូបង្វឹកក្រុមតេក្វាន់ដូជម្រើសជាតិ បានថ្លែងឱ្យដឹងថា ប្រភេទកីឡាតេក្វាន់ដូស្ទីល WTF (World Taekwondo Federation) វិញនៅមិនទាន់បានទទួលពត៌មាននេះពីគណៈកម្មាធិការជាតិអូឡាំពិកនៅឡើយទេ ខណៈដែលប្រភេទកីឡាចំបាប់ក៏បានធ្វើតេស្តរួចរាល់អស់ហើយៗពេលនេះពួកគេកំពុងតែធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លាជាងមុនផងដែរ ។

សូមបញ្ជាក់ថាការប្រកួតកីឡាអូឡាំពិកយុវជនដែលធ្វើនៅទីក្រុង Buenos Aires នេះនឹងចាប់ផ្តើមពីថ្ងៃទី៦ ខដល់ទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយមានប្រទេសចូលរួមចំនួន ២០៦ ដែលនឹងមានអត្តពលិកវ័យក្មេងចូលរួមចំនួន ៣.៨៣៤នាក់ ក្នុងនោះមានកីឡាចំនួន ៣២ប្រភេទដែលមាន ២៤១វិញ្ញាសាត្រូវបានដាក់ឲ្យប្រកួតប្រជែង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត