ផ្ទះុរឿងទៀតហើយ!ប្រធានសហព័ន្ធយូដូចាស់ ប្រកាសមិនទទួលស្គាល់គណៈកម្មការទ្រទ្រង់សកម្មភាពសហព័ន្ធឡើយ!

នូ មករា October 13, 2017


ភ្នំពេញ៖ ដើម្បីសម្រួចយកមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា បានសម្រេចបង្កើតគណៈកម្មការទ្រទ្រង់សកម្មភាពសហព័ន្ធយូដូជាបណ្ដោះអាសន្នមួយ ដើម្បីរៀបចំផែនការសកម្មភាព និងកម្មវិធីហ្វឹកហាត់ផ្សេងៗក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រភេទកីឡានេះឲ្យមានការរីកចម្រើនឡើងវិញ ។
  
យ៉ាងណាក៏ដោយ លោក ឡាច វុទ្ធី ដែលជាប្រធានសហព័ន្ធអាណត្តិចាស់ និងត្រូវបានព្យួរសមាជិកភាពនោះបានប្រកាសថាខ្លួនមិនទទួលស្គាល់ដាច់ខាត។ លោកឡាច វុទ្ធី បានបដិសេធ និងមិនទទួលស្គាល់ដាច់ខាត ចំពោះការបង្កើតគណៈកម្មការទ្រទ្រង់បណ្ដោះអាសន្ននេះ ដោយសារលោកពុំទទួលបានការអញ្ជើញចូលរួមការប្រជុំតែងតាំងសមាជិកទាំងនោះ ។ ដូច្នេះលោកគាំទ្រ ប្រសិនបើមានការបោះឆ្នោតជាថ្មី ។
ទាក់ទងនឹងបញ្ហានេះដែរ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «ខេមរៈសហព័ន្ធយូដូ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្យួរសមាជិកភាពតាំងពីពាក់កណ្ដាលឆ្នាំ២០១៧មកដោយសារមានបញ្ហាក្នុងសហព័ន្ធ ។ ដូច្នេះប្រសិនបើក្រុមគណៈកម្មការទ្រទ្រង់ណ្ដោះអាសន្នខាងលើ អនុវត្តការងារបានល្អ មានការហ្វឹកហាត់ត្រឹមត្រូវ និងមានការរីកចម្រើន នោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការរៀបចំ និងការបង្កើតសហព័ន្ធឡើងវិញ។
 
លោកបានបន្តថា៖ «ការសម្រេចបង្កើតគណៈកម្មការទ្រទ្រង់សហព័ន្ធបណ្ដោះអាសន្នខាងលើ គឺជាការសម្រេចរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈសមាជិកអាណត្ដិចាស់ ដែលត្រូវបានព្យួរសមាជិកភាពពុំមានសិទ្ធិតវ៉ាឡើយ ។ ម្យ៉ាងទៀតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានតែបង្ខំចិត្តតែងតាំងភ្លាមៗប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំណត់ទិសដៅរាល់សហព័ន្ធមានបញ្ហាទាំងអស់ត្រូវដោះស្រាយឲ្យបានរួចរាល់ក្នុងឆ្នាំ២០១៧នេះ» ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់