ម្ចាស់មេដាយមាសកាយវប្បកម្មពិភពលោក សំបូរ ណាន បង្ហូរទឹកភ្នែកពេលឃើញអ្នកគាំទ្រមកទទួលនៅព្រលានយន្តហោះ

នូ មករា October 12, 2017


ភ្នំពេញ៖ ម្ចាស់មេដាយមាសកីឡាកាយវប្បកម្មពិភពលោក សំបូរ ណន បានសំដែងក្ដីរំភើបយ៉ាងខ្លាំងរហូតដល់សម្រក់ទឹកភ្នែក ដោយឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើនបានមកគាំទ្រខ្លួនដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាង កាលពីម្សិលមិញ ដែលមានចំនួនប្រមាណជា ២០០នាក់ រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមកផ្ដិតយករូបភាពយ៉ាងច្រើនកុះករ ។

មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ មានទាំងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា រួមជាមួយនឹងឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។ ការវិលត្រលប់មកវិញរបស់ម្ចាស់មេដាយមាសរូបនេះ ត្រូវបានរដ្ឋាភិបាលផ្ដល់កិត្តិយសឱ្យជិះឡានហែរក្បួនជុំវិញរាជធានីភ្នំពេញអបដោយម៉ូតូសុីរ៉ែន ១២គ្រឿង ខណៈក្បួនដង្ហែរត្រូវបានធ្វើឡើងក្រោមដំណាក់ទឹកភ្លៀងដោយចាប់ផ្ដើមពីព្រលានយន្តហោះអន្តរជាតិភ្នំពេញកាត់តាមផ្លូវសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម ផ្លូវសុធារស រួចព័ទ្ធសួនច្បារនាគបាញ់ទឹក ទើបចូលមកមហាវិថីព្រះនរោត្តមកាត់តាមវិមានឯករាជ្យម្តងទៀតឆ្ពោះទៅកាន់ស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កីឡាករ សំបូរ ណាន បាននិយាយថា៖ «តាមពិតពួកខ្ញុំបានស្រក់ទឹកភ្នែកម្តងហើយ នៅពេលបានឮភ្លេងជាតិ និងទង់ជាតិរបស់ប្រទេសយើងត្រូវបានបង្ហូតឡើងក្នុងពេលបំពាក់មេដាយនៅប្រទេសម៉ុងហ្គោលី ព្រោះយើងបានធ្វើវាតំណាងឲ្យប្រទេសជាតិ»។ កីឡាកររូបនេះបន្តថា៖ «ដល់ពេលដែលខ្ញុំមកដល់ព្រះជាណាចក្រកម្ពុជាវិញ ខ្ញុំរំភើបខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះយើងមិនរំពឹងថា យើងធ្វើបានហើយបានជិះឡានអមដោយម៉ូតូធំ ១២ គ្រឿងបែបនេះនោះទេ គឺវាជាកិត្តិយសធំបំផុតចំពោះពួកខ្ញុំ ហើយខ្ញុំសូមអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលបានចំណាយពេលចាំទទួលស្វាគមន៍ពួកយើង»។

ជាមួយគ្នានេះដែរលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «ក្រុមកីឡាកាយវប្បកម្មកម្ពុជា បាននាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោកលើកទី៩ ឆ្នាំ២០១៧ នៅទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោលី ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ ។ ដោយម្ចាស់មេដាយមាសបានទៅកីឡា សំបូរ ណាន ព្រមទាំងកីឡាករ តឹក ប៊ុនវី ដែលដណ្តើមបានមេដាយប្រាក់ និង ណុំ សុបិន្ត ដែលឈ្នះបានមេដាយសំរឹទ្ធ ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត