កម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតតេក្វាន់ដូកម្រិតទ្វីបអាសុីដែលមានជាង ៤០ប្រទេសចូលរួម

នូ មករា October 9, 2017


ភ្នំពេញ៖ កម្ពុជាបានទទលសិទ្ធិពី Kukkiwon Taekwondo (World Taekwondo Headquarter) ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asia Kukkiwon Taekwondo Hanmadang 2017 ។ ព្រឹត្តិការណ៍នេះនឹងមានរយៈពេល ៣ថ្ងៃគឺពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូនៅរាជធានីភ្នំពេញ ។ លោកឆយ យ៉ុងសុក (Choi Yong Sok) ដែលជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយសម្រាប់ទ្វីបអាស៊ីលើប្រភេទកីឡាតេក្វាន់ដូ WTF (World Taekwondo Federation) ដែលជាប្រភេទកីឡាតេក្វាន់ដូរបស់ប្រទេសកូរ៉េខាងត្បូង ។

លោកឆយ យ៉ុងសុក បានពន្យល់ថាពាក្យ Hanmadang គឺជាពាក្យកូរ៉េហើយបើជាភាសាអង់គ្លេសមានន័យថា Festiwal ។ ព្រឹត្តិការណ៍នេះក្នុងម្នាក់ៗអាចលេងបាន ២វិញ្ញាសា ព្រមទាំងបើកឱកាសឲ្យមនុស្សគ្រប់ប្រភេទអាយុគឺចាប់ពីអាយុក្រោម ១២ឆ្នាំដល់អាយុក្រោម ៥៩ឆ្នាំអាចចូលរួមលេងបាន ។

លោកជ្រិន សុធា អនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូបានឲ្យដឹងថា៖ «ប្រទេសចំនួន ៤៨ក្នុងទ្វីបអាស៊ីត្រូវបានកម្ពុជាយើងធ្វើលិខិតអញ្ជើញឲ្យចូលរួមជាផ្លូវការហើយ ។ ព្រឹត្តិការណ៍នេះនឹងមានកីឡាករ-កីឡាការិនីចំនួនប្រមាណ ៥.០០០នាក់ដែលជាសមាជិកក្នុងទ្វីបអាស៊ីចូលរួម ។ សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះក៏នឹងត្រៀមអត្តពលិកឲ្យចូលរួមជាង ១.០០០នាក់ដែរ ។ នេះជាលើកទី១ហើយដែលកម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះ» ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ព្រឹត្តិការណ៍នេះធ្វើនៅប្រទេសនេប៉ាល់ ចំណែកឆ្នាំ២០១៧ធ្វើនៅកម្ពុជាហើយឆ្នាំ២០១៨ ធ្វើនៅប្រទេសថៃ ។ វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ៦៦វិញ្ញាសាក្នុងនោះវិញ្ញាសាឯកត្តជនមានចំនួន ៤៥វិញ្ញាសា រីឯវិញ្ញាសាជាក្រុមមានចំនួន ២១ដែលក្នុងនោះមានការសម្តែងមេគុន, ការប្រើកណ្ដាប់ដៃវាយបំបែកថ្ម, ប្រើកម្លាំងដៃកាប់បំបាក់លោតធាក់យកកម្ពស់ និងលោតធាក់យកចម្ងាយជាដើម ។ ព្រឹត្តិការណ៍នេះបានទទួលការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានការជួយឧបត្ថម្ភពីស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត