កីឡាកាយសម្ព័ន្ធ បញ្ចប់ការធ្វើតេស្តថ្នាក់មូលដ្ឋានចំនួន ៣០រូប

នូ មករា October 9, 2017


ភ្នំពេញ៖ ដោយមានការគាំទ្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបានចំណាយពេលពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលាដើម្បីធ្វើតេស្តលើសមត្ថភាពកីឡាករកាយសម្ព័ន្ធរបស់ខ្លួនចំនួន ៣០រូបលើវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីក (Artistic) ។ លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថាការធ្វើតេស្តនេះត្រូវបាន ប្រសិទ្ធិនាមថា The Youth Identification 1st Test Event for Olympic Games 2018 ដោយមានកីឡាករចំនួន ៣០រូបនេះមកពីខេត្តចំនួន ៣គឺខេត្តក្រចេះ ១៦នាក់ ខេត្តកំពង់ឆ្នាំង ៨នាក់ និងខេត្តតាកែវចំនួន ៦នាក់ ។

លោកបន្តថា នេះគឺជាការធ្វើតេស្តលើកទី១ ដើម្បីរកកីឡាករដែលល្អជាងគេ ៤រូបហើយដែល ៤រូបនេះនឹងត្រូវធ្វើតេស្តបន្តទៅជំហានទី២ ទៀតដើម្បីឲ្យពួកគេក្លាយជាកីឡាករថ្នាលប្រកបដោយសមត្ថភាព ហើយការធ្វើតេស្តនេះសហព័ន្ធនឹងធ្វើជារៀងរាល់ឆ្នាំដែលនេះជាទិសដៅសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោកបានពន្យល់ថា កាយសម្ព័ន្ធអាកទីស្ទីកគឺជាវិញ្ញាសាលំបាកហាត់ហើយងាយនឹងគ្រោះថ្នាក់ណាស់ប្រសិនបើមានការភ្លាត់ស្នៀត ឬធ្វេសប្រហែសនោះ ។ ឆ្នាំក្រោយលោកនឹងឈានទៅធ្វើតេស្តលើវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic) បន្ថែមទៀត ។ លោកបានបញ្ជាក់ដែរថា៖ «ប្រសិនបើយើងមិនគិតគូរពីកីឡាថ្នាលទេនោះដល់ឆ្នាំ២០២៣ យើងនឹងមិនមានកីឡាករសម្រាប់លេងក្នុងស៊ីហ្គេមឡើយ» ។

សូមបញ្ជាក់ថា បើតាមផែនការ និងអនុសាសន៍របស់លោកថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានោះ​សហព័ន្ធត្រូវតែធ្វើតេស្តរកកីឡាករដែលល្អ និងមានកាយសម្បទាមាំមួន មានឆន្ទៈខ្ពស់ដើម្បីបញ្ជូនពួកគេឲ្យទៅហ្វឹកហាត់នៅប្រទេសចិននាឆ្នាំ២០២០ និង២០២១ ដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ។ លោកណយ ផាណា ក៏បានអះអាងដែរថាការធ្វើតេស្តនេះគឺដើម្បីស្វែងយល់ពីគុណផល (Perfomance) ពិតប្រាកដរបស់កីឡាករម្នាក់ៗ ព្រោះការធ្វើបែបនេះទើបអាចស្វែងរកបានកីឡាករដែលល្អពិតប្រាកដបាន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់