សហព័ន្ធកីឡាអុកចត្រង្គប្រកួតរកជើងខ្លាំងដើម្បីចូលក្រុមជម្រើសជាតិ

នូ មករា October 6, 2017


ភ្នំពេញ៖ សហព័ន្ធអុក បានប្រកាសរកអ្នកខ្លាំងចូលធ្វើកីឡាករជម្រើសជាតិស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ គ្រប់បណ្ដាសហព័ន្ធកីឡាបានត្រៀមខ្លួនយ៉ាងខ្លាំងក្នុងការប្រកួតយកមេដាយមកជូនជាតិនៅក្នុងព្រឹត្តិការណ៍តំបន់អាស៊ានដោយក្នុងនោះសហព័ន្ធកីឡាអុកកម្ពុជា បានប្រកាសជាផ្លូវការថាខ្លួននឹងរៀបចំការប្រកួតអុកពានរង្វាន់ប្រចាំក្លឹបលើកទី១ ដើម្បីរកអ្នកខ្លាំងមកធ្វើជាជម្រើសជាតិផ្ទាល់ខ្លួន ខណៈដែលសព្វថ្ងៃប្រភេទកីឡានេះមិនមានកីឡាករជម្រើជាតិនៅឡើយនោះទេ។

អតីតម្ចាស់ជើងឯករងស្តេចអុកនៅអង្គរសង្ក្រាន្ត ឆ្នាំ២០១៤ លោក គ្រួច ចន្ថារិទ្ធ ដែលជាសមាជិកអចិន្រ្ដៃយ៍សហព័ន្ធកីឡាអុកកម្ពុជាផងនោះ បានប្រាប់កាលពីម្សិញថា៖ «កីឡាករទាំង ២៤ នាក់ តំណាងឲ្យក្លិបទាំង ៦ ដែលចូលរួមការប្រកួតនេះ គឺសុទ្ធតែជាជើងខ្លាំង ដែលសម្រិតសម្រាំងដោយក្លិបទាំង ៦ ផ្ទាល់ ហេតុនេះយើងនឹងធ្វើការជ្រើសរើសកីឡាករមានសមត្ថភាពចេញពីអ្នកទាំងនេះ ដើម្បីបញ្ចូនឈ្មោះទៅឲ្យក្រសួង អប់រំ យុវជន និងកីឡា សម្រាប់ការប្រមូលផ្តុំក្រុមជម្រើសជាតិ នៅឆ្នាំក្រោយនេះ»។ លោក គ្រួច ចន្ថារិទ្ធ បានបញ្ជាក់ថា៖ «យើងនៅមិនទាន់ដឹងថា ក្រសួងនឹងអនុញ្ញាតឲ្យយើងប្រមូលផ្តុំបានប៉ុន្មាននាក់ទេ ប៉ុន្តែចំពោះសហព័ន្ធផ្ទាល់ គ្រោងនឹងសុំឲ្យបានកីឡាករ ១០ នាក់ និងគ្រូបង្វឹក ៥ នាក់ ព្រោះអុក ជាប្រភេទកីឡា ដែលប្រើខួរក្បាល ដូច្នេះយើងត្រូវការអ្នកពូកែខាងប្រាជ្ញា និងការគិត សម្រាប់ការប្រមូលផ្តុំ»។

សូមបញ្ជាក់ថា នេះជាលើកទី១ ហើយ ដែលសហព័ន្ធកីឡាអុកកម្ពុជា បានរៀបចំឲ្យមានការប្រកួតពានរង្វាន់ប្រចាំក្លឹបនេះឡើង ហើយគ្រោងនឹងធ្វើ ៣ ខែម្តង ដើម្បីធ្វើការអភិវឌ្ឍកីឡាអុក និងធ្វើឲ្យរីកចម្រើនចំនួនក្លឹបនៅក្នុងប្រទេសកម្ពុជា ព្រោះពេលនេះ ទើបមានក្លឹបចំនួន ៦ ប៉ុណ្ណោះដែលជាសមាជិករបស់សហព័ន្ធ។ ក្លឹបចំនួន ៦ រួមមានក្លឹបសេះខៀវ ក្លឹបបាយ័នអុកខ្មែរ ក្លឹបគ្រូបារាំងប៊ុលឌីង ក្លឹបកីឡាអុកចត្រង្គអង្គរ ក្លឹបបាកាខ្មែរ ដែលសុទ្ធតែមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងក្លឹបទុរេនកំពតរបស់ខេត្តកំពត ត្រូវបានសហព័ន្ធកីឡាអុកកម្ពុជាអនុញ្ញាតឲ្យបញ្ជូនកីឡាករមកចូលរួមការប្រកួតពានរង្វាន់ប្រចាំក្លិប ជាលើកទី ១ នេះ ប៉ុន្តែក្នុង ១ ក្លឹបអាចបញ្ចូនកីឡាករតែ ៤ នាក់ប៉ុណ្ណោះមកប្រកួត។ គួរបញ្ជាក់ផងដែរថា កីឡាករទាំង ២៤ នាក់នេះ នឹងត្រូវបែងចែកជា ៤ ពូល ហើយនៅតាមពូលនីមួយៗត្រូវធ្វើការប្រកួតវិលជុំ។ អ្នកទទួលបានលេខ ១ និងលេខ ២ តាមពូលទាំង ៤ នឹងត្រូវឡើងទៅប្រកួតវគ្គ ៨ នាក់ចុងក្រោយ រកអ្នកឈ្នះឡើងទៅប្រកួតវគ្គ ៤ នាក់ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ហើយការប្រកួតនេះ នឹងធ្វើនៅហាងកាហ្វេស្រីអូន នៅម្តុំបុរីកីឡា ចាប់ពីម៉ោង ៨:៣០ ព្រឹក និងបញ្ចប់នៅពេលល្ងាច ថ្ងៃសុក្រដដែលនេះ៕

អត្ថបទ៖ វ៉ាន្នី និង ប៉ាវជីង ឡុង

 

 

មតិយោបល់