NOCC នឹងបន្ថែមចំណេះដឹងដល់ក្រុមអ្នកសារព័ត៌មានកីឡាកម្ពុជានៅសប្ដាហ៍ក្រោយ

នូ មករា October 5, 2017


ភ្នំពេញ៖ ស្របពេលវិស័យកីឡានៅកម្ពុជាកំពុងបន្តរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំវគ្គបណ្ដុះបណ្ដាល រដ្ឋបាលកីឡាស្ដីពី អភិបាលកិច្ចល្អ គណនេយ្យភាព និង ព័ត៌មានកីឡារយៈពេល៣ថ្ងៃនៅទីស្នាក់ការរបស់ខ្លួន ចាប់ពីថ្ងៃពុធ សប្ដាហ៍ក្រោយនេះទៅ។ វគ្គសិក្សានេះ មានសារៈសំខាន់ ក្នុងការស្វែងយល់ឱ្យស៊ីជម្រៅ លើយន្តការគ្រប់គ្រង និង ដឹកនាំផ្នែករដ្ឋបាលយុទ្ធសាស្ត្រ និង ការគ្រប់គ្រងហិញ្ញវត្ថុ ប្រកប ដោយតម្លាភាព និង គណនេយ្យភាព។
   
វគ្គសិក្សានេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១១-១៤ ខែតុលា ឆ្នាំ ២០១៧ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសិក្ខាកាម ដែលអ្នកមានជំនាញផ្នែកព័ត៌មានកីឡានៅកម្ពុជាចំនួន២៥នាក់។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «វគ្គសិក្សាសាមគ្គី កីឡាអូឡាំពិក ស្តីពី រដ្ឋបាលកីឡា មិនត្រឹមតែជជែកគ្នាពាក់ព័ន្ធ អភិបាលកិច្ចល្អ គណនេយ្យភាព ប៉ុណ្ណោះទេ ក៏មានការជជែងគ្នាអំពីការប្រើប្រាស់ភាសារខ្មែរ អក្ខរាវិរុទ្ធនៅក្នុងភាសារខ្មែរ នៅក្នុងអាជីពជាអ្នកយកសារព័ត៌មានទាក់ទងទៅនឹងកីឡានាពេលបច្ចុប្បន្ននេះដើម្បីឲ្យមានការវិវត្តន៍ទៅតាមសម័យកាលទំនើបនេះ។ សិក្ខាសាលានេះនឹងបង្កភាពងាយស្រួលបន្ថែមទៀតទៅលើអាជីពការងាររបស់អ្នកសារព័ត៌មាន ដែលជាព័ត៌មានកីឡាក៏ដូចជាអ្នកយកព័ត៌មានទូទៅ ដែលនេះនឹងជាមករតកមួយនៃវិស័យកីឡានៅក្នុងអាជីពជាអ្នកសារព័ត៌មាន ដើម្បីជំរុញឱ្យមានការផ្តល់ព័ត៌មាន ឲ្យបានលឿនទាន់ហេតុការណ៍ ទៅតាមព្រឹត្តិការណ៍ទៅតាមកីឡាថ្នាក់ជាតិ អន្តរជាតិជាពិសេសកីឡា គឺជាចំណីអារម្មណ៍របស់ទូរទស្សនិកជនទូទៅ ដែលជាអ្នកមាន ចំណង់ចំណូលចិត្តទៅលើវិស័យកីឡាទៅលើការប្រើប្រាស់ពាក្យពេជន៍ និងការបញ្ចេញបញ្ចូលដែលធ្វើឲ្យការទស្សនាកាន់តែមានការជក់ចិត្តដិតអារម្មណ៍ដល់អ្នកទស្សនា»។
លោកបានបន្តថា៖ «សារព័ត៌មានកីឡា ក៏ដូចជាអ្នកសរសេរ ព័ត៌មានទូទៅ ត្រូវយកចិត្តទុកដាក់ នៅក្នុងការតាមដាន រាល់ការពន្យល់ ការចោទសួរ នៅក្នុងវគ្គនីមួយៗ របស់វាគ្មិន ដែលជាអ្នកជំនាញ ដែលនឹងពន្យល ប្រាប់អំពីការប្រើប្រាស់ ភាសារ សំណង់ប្រយោគនៃការសរសេរ ក៏ដូចជាទម្រង់បែបបទនៃការសរសេរ ព័ត៌មាន ឲ្យមានការទាក់ទាញអារម្មណ៍ដល់អ្នកទស្សនា និងអ្នកស្តាប់។ សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងរយៈពេលពីរដងក្នុងមួយឆ្នាំដល់អ្នកសារព័ត៌មាន និងក្រុមការងាររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់