តេក្វាន់ដូ​ ITF ត្រៀមយុទ្ធសាស្រ្តថ្មីដើម្បីទាក់ទាញស្រ្តីចូលហ្វឹកហាត់ឱ្យច្រើន

នូ មករា October 4, 2017


 ភ្នំពេញ: នេះគោលដៅដ៏ល្អមួយសម្រាប់ធ្វើការលើកកម្ពស់ស្រីនៅក្នុងវិស័យកីឡាថែមមួយកម្រិតទៀត ស្របពេលដែលបច្ចុប្បន្ននេះគ្រប់វិស័យកីឡាទាំងអស់នៅក្នុងប្រទេសកម្ពុជាមានការខ្សត់ខ្សោយខ្លាំងទៅលើផ្នែកស្ត្រី ដែលមិនសូវបានចូលរួមលេងកីឡាច្រើនដូចបណ្ដាប្រទេសជិតខាងនោះ។ ផែនការយុទ្ធសាស្ត្រថ្មី សម្រាប់បន្តអភិវឌ្ឍន៍កីឡាតេក្វាន់ដូ ITF នៅឆ្នាំនេះ គឺសហព័ន្ធនឹងធ្វើការជំរុញទាក់ទាញស្ត្រីឲ្យចូលហ្វឹកហាត់ជាមួយសហព័ន្ធឲ្យបានច្រើនពិសេសលើវិញ្ញាសាប្រយុទ្ធ ខណៈដែលស្ត្រីត្រូវរបាំងប្រពៃណីរាំងខ្ទប់ពីសំណាក់អាណាព្យាបាលហាមឃាត់មិនឲ្យចូលហ្វឹកហាត់។
ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ​ ITF លោក កែវ រ៉េមមី បានទទួលស្គាល់ថា កីឡាករ កីឡាការិនីដែលហ្វឹកហាត់ត្រៀមទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅទីក្រុងព្យុងយ៉ាង នាខែកញ្ញាខាងនេះ គឺកម្រិតបច្ចេកទេសប្រកួតនូវមានកម្រិត ដូច្នេះចាំបាច់គ្រូបង្វឹកត្រូវជំរុញ និងកែតម្រូវបន្ថែមដើម្បីឈានទៅទទួលបានជោគជ័យត្រឡប់មកវិញពោលគឺនាំយកមេដាយជូនជាតិ។ ទាក់ទងជាមួយនឹងបញ្ហានេះ អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF លោក គង់​ រិទ្ធី យ៉ា បានមានប្រសាសន៍ឱ្យដឹងថា៖ «យុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធធ្វើយ៉ាងព្យាយាមពន្យល់ មាតាបិតា កីឡាការិនី ឲ្យបានស៊ីជម្រៅពាក់ព័ន្ធអត្ថប្រយោជន៍ ដែលបានមកពីការហ្វឹកហាត់កីឡាតេក្វាន់ដូ ITF ដូចជា ការលេងកីឡា ដើម្បីសុខភាព ជៀសឆ្ងាយពីគ្រឿងញៀន សេបគប់មិត្តភក្តិមិនល្អ ទាំងអស់នេះគឺជាលទ្ធផលវិជ្ជមានដែលកូនៗរបស់ពួកគាត់ទទួលបានពីការហាត់កីឡា ជាងនេះទៀត កីឡាករ កីឡាការិនីត្រូវបានចាត់ទុកជាទូតដ៏មានប្រសិទ្ធភាព ក្នុងទំនាក់ទំនងរវាងប្រជាជនប្រទេសមួយទៅប្រជាជនប្រទេសមួយទៀត» ។
លោកបានបន្ថែមថា: «ជាងនេះទៅទៀត យើងត្រូវធ្វើការអំពាវនាវសុំឲ្យមាតាបិតា ពិសេសស្ត្រីខ្លួនឯងត្រូវមានចិត្តក្លាហានឡើង ដើម្បីចូលរួមហ្វឹកហាត់ សម្រាប់មុខមាត់ខ្លួនឯង និងប្រទេសជាតិ ដែលបានមកពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗលើសកលលោក ។ ជាក់ស្តែងកម្ពុជាមានកីឡាករ​ កីឡាការិនីដែលឆ្នើម និងល្អៗដែលតែងតែទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា នៅក្រៅប្រទេស តែប៉ុន្មានអ្នកប៉ុណ្ណោះ ដូចជាកីឡាការិនី តេក្វាន់ដូWTF ស៊ន សៀវម៉ី , កីឡាការិនី ប៉េតង់ កែ ឡេង , សុខ ស្រីមុំ , កីឡាការិនី វ៉ូវីណាម ប៉ោ ឆរស្មី ៕
អត្ថបទ: ប៉ាវឡុង ជីង

 

មតិយោបល់