អ្នកស្រី​ កែ ឡេង បង្ហាញមហិច្ឆតាដណ្ដើមមេដាយមាសពិភពលោកបន្តទៀតដើម្បីឡើងសក្តិឧត្តមសេនីយ៍ត្រី

នូ មករា October 4, 2017


ភ្នំពេញលោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា​ បានប្រាប់ឲ្យដឹងថាពេលនេះ​កីឡាករ​​ និកីឡាការិនីកម្ពុជាបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំងជាងមុន ។​ ​​លោកបន្តថា កីឡាការិនីកែ ឡេង ត្រូវមានភារកិច្ចធ្ងន់ព្រោះត្រូវការពារតំណែងមេដាយមាសពិភពលោក ជំនាន់របស់ខ្លួន ចំណែកការប្រកួតយុវជនពិភពលោកនេះជាការប្រកួតលើកទី១៦ហើយតែកម្ពុជាទើបតែបញ្ជូនទៅបានចំនួន ២លើកប៉ុណ្ណោះដោយកាលពីលើកទី១​ ឆ្នាំ២០១៥ យុវជនកម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ តែពេលនេះឆ្នាំ២០១៧ ពួកគេមានការរីកចម្រើនជាងមុនច្រើនណាស់

គួរបញ្ជាក់ថា ការប្រកួតជើងឯកពិភពលោកឆ្នាំនេះធ្វើនៅខេត្តគុយហ៊ួរ ប្រទេសចិនដែលនឹងចាប់ផ្ដើមពីថ្ងៃទី២​ ដល់ថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ ដោយមានជើងខ្លាំងយុវជនកម្ពុជា​ ៤រូបដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានឃួន លីហ៊, កីឡាករភាព រ៉ាឃីម, កីឡាករកុយ ច័ន្ទសុភក្ត្រា និង កីឡាករកៅ ភក្ដី ហើយពួកគេនឹងប្រកួតលើវិញ្ញាសាតែ ២ប៉ុណ្ណោះគឺ​ ៣នាក់ទល់៣នាក់ (Triple) និងវិញ្ញាសាវាយយកពិន្ទុ (Shooting) ។ ចំពោះនារីការប្រកួតចាប់ផ្ដើមពីថ្ងៃទី៨ ទៅទី១១ ខែវិច្ឆិកា ក្នុងនោះកម្ពុជាបញ្ជូនកីឡាការិនី ៤រូបទៅចូលរួមប្រកួតដែរគឺកីឡាការិនីកែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម ហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន ២ដូចគ្នាគឺ ៣នាក់ទល់៣នាក់ និង វិញ្ញាសាវាយយកពិន្ទុ

ជាមួយគ្នានេះ​ កីឡាការិនីវ័យចំណាស់កែ ឡេង​ ដែលដណ្ដើមបានមេដាយមាសជើងឯកពិភពលោកចំនួន លើកមកហើយនោះបានខិតខំហ្វឹកហាត់យ៉ាងស្ងប់ស្ងាត់បំផុត ។ អ្នកស្រីបានថ្លែងថា​ អ្នកស្រីត្រូវការមេដាយមាសពិភពលោកមួយគ្រឿងទៀតយ៉ាងតិច ហើយដោយសារតែអ្នកស្រីជាកីឡាការិនីប៉េតង់ជម្រើសជាតិមកពីក្រសួងការពារជាតិផងនោះ​ មេដាយនេះពិតជាមានតម្លៃខ្លាំងណាស់ ដោយសារមេដាយមាសពិភពលោកចំនួន២គ្រឿងកន្លងមកនេះបាននាំឲ្យអ្នកស្រីពាក់សក្តិ ហើយនាពេលនេះ ។​ អ្នកស្រីបានបន្តថាប្រសិនបើអ្នកស្រីឈ្នះបានមេដាយមាសពិភពលោកមួយគ្រឿងនេះទៀតអ្នកស្រីនឹងបានទទួលសក្តិជាឧត្តមសេនីយ៍ត្រី​​ ឬផ្កាយមួយបន្ថែមទៀត ។ ​អ្នកស្រីបន្តថាពេលនេះអ្នកស្រីចំនាយពេលវេលាច្រើនណាស់នៅលើទីលានហ្វឹកហាត់ព្រោះអ្នកស្រីមិនចង់ឲ្យឱកាសមួយនេះបាត់បង់ឡើយ ។ គួរបញ្ជាក់ថា លោកអ៊ិន គឹមស្រ៊ុន ដែលជាអគ្គលេខាធិការសហព័ន្ធ និង លោកសូម៉ៃ សុខគា ដែលជាអគ្គលេខាធិការរងសហព័ន្ធបានចំណាយពេលវេលាច្រើនណាស់ដើម្បីតាមដានការហ្វឹកហាត់របស់កីឡាករកីឡាការិនីក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកនេះ ៕

អត្ថបទ: វ៉ាន្នី

មតិយោបល់