ក្រោយជោគជ័យនៅឆាកអន្តរជាតិ កីឡារាំ​ រៀបចំប្រកួតជើងឯកថ្នាក់ជាតិយ៉ាងស្ងប់ស្ងាត់

នូ មករា October 4, 2017


ភ្នំពេញ​​: ​ក្រោយទទួលបានជោគជ័យខ្ពស់ក្នុងការឈានចូលទៅជុំផ្តាច់ព្រ័ត្រនៃព្រឹត្តការណ៍កីឡាក្នុងសាលអាសុីលើកទី៥ (5th Asian Indoor & Martial Arts Games) នៅប្រទេសទួមេនីស្ថានដែលជាការប្រកួតអន្តរជាតិលើកដំបូងរបស់ខ្លួននោះ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួននៅក្នុងប្រទេសយ៉ាងស្ងប់ស្ងាត់ដែលនេះគឺជាការប្រកួតថ្នាក់ជាតិមួយដែលសហព័ន្ធរៀបចំឡើងដោយបានសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា​​​​​ ជាលើកដំបូងរបស់ខ្លួនដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងបន្ទប់តូចមួយនៃអាគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
 បើយោងតាមឯកសារដែលទទួលបានពីសហព័ន្ធមួយនេះបានឱ្យដឹងថា​ មានកីឡាករ កីឡាការិនីចូលរួមចំនួន ៣០នាក់ដែលត្រូវប្រកួតលើវិញ្ញាសា ឯកត្តជន និង រាំជាគូ ដែលមាន​​ ៤ចង្វាក់ដូចជា៖ Rumba, Cha-cha-cha , Sumba និង Jive​​ តែជាក់ស្ដែងកីឡាករ​ កីឡាការិនី មិនមានច្រើនដូចដែលសហព័ន្ធបានបង្ហាញនោះឡើយតែបើគិតពីភ្ញៀវកិតិ្តយស និងតំណាងក្រសួងអប់រំចូលរួមនោះ សរុបគឺអាចបាន​ ៣០ទៅ ៣៥នាក់ ។
ជាមួយនឹងការរៀបចំការប្រកួតថ្នាក់ជាតិនេះត្រូវបានគេមើលឃើញថាមានលក្ខណៈស្ងាត់តែម្ដង គឺរៀបចំនៅក្នុងបន្ទប់តូចចង្អៀត ដោយមិនមានអ្នកណាដឹង និងបានឃើញ ក្រៅពីកីឡាករ​ កីឡាការិនី និងគណៈកម្មការរៀបចំនោះឡើយ។ ជាងនេះទៅទៀត មិនឃើញមានប្រព័ន្ធផ្សព្វផ្សាយច្រើនដូច ការប្រកួតកីឡាផ្សេងៗ ដែលក្រសួងអប់រំធ្លាប់រៀបចំនោះដែរ​​​ពោលគឺមានតែ ២អង្គភាពប៉ុណ្ណោះគឺ PNN និង CNC។
ការផ្សព្វផ្សាយដែលមានលក្ខណៈខ្សោយ គឺអាចធ្វើឱ្យសហព័ន្ធកីឡារាំនេះ មិនទទួលបានការរីកចម្រើនឡើយ ខណៈដែលការទំនាក់ទំនងរបស់មន្ត្រីសហព័ន្ធក៏នៅមានកម្រិតនៅឡើយ។ បើយោងតាមប្រសាសន៍របស់ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោក ជំទាវ ញ៉ែម មរកត បានលើកឡើងថា៖ «កីឡារាំនេះ នឺងអាចក្លាយជាកីឡាមួយប្រភេទក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាក់ជាមិនខាន»។ តែទោះបីយ៉ាងណា ការជឿជាក់របស់ប្រធានសហព័ន្ធរូបនេះនៅមិនទាន់គ្រប់លក្ខខណ្ឌរបស់​ NOCC និងក្រសួងអប់រំយុវជននៅឡើយនោះទេ ។ ព្រោះក្រសួងអប់រំ និង NOCC បានកំណត់យ៉ាងច្បាស់ថា បើសិនជាសហព័ន្ធណាមិនទាន់មានសកម្មភាពអ្វីដែលចម្រើនដល់កីឡាករ-កីឡាការិនី សម្រាប់ធ្វើដើមទុនត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមនោះទេនឹងត្រូវដកសិទ្ធិមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡានាឆ្នាំ២០២៣ឡើយ ៕
ប៉ាវឡុង ជីង

 

មតិយោបល់