គ្រូបង្វឹកកីឡាប្រណាំងកង់ ២៥នាក់ទទួលបានការបណ្ដុះបណ្ដាលពីគ្រូអន្តរជាតិ OS

នូ មករា October 3, 2017


ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រណាំងកង់ ដែលមានរយៈពេល ៥ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានទាំងទ្រីស្ដី និងការអនុវត្តផ្ទាល់នោះ បានចាប់ផ្ដើមហើយកាលពីម្សិលមិញនេះ ក្រោមការឧបត្តម្ភពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS) ដែលសហការជាមួយនឹង NOCC ។

លោកវង្ស ខាន់ពៅ ប្រធានសហព័ន្ធកីឡាប្រណាំងកង់កម្ពុជា បានមានប្រសាសន៍ប្រាប់ Camsports កាលពីម្សិលមិញថា៖ «នេះជាលើកទី៣ហើយដែលសហព័ន្ធបានទទួលការបណ្ដុះបណ្ដាលគ្រូពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ដែលបានសហការជាមួយនឹង គណៈកម្មាធិការអូឡាំពិកកកម្ពុជា (NOCC) ។ ដែលមាននេះយើងទទួលបានការបណ្ដុះរយៈពេល៤ឆ្នាំម្ដង»។

លោកបន្តថា៖ «វគ្គនេះរៀបចំឡើង គឺស្របពេលដែលក្រសួងអប់រំយុវជន និងកីឡា បានធ្វើកំណែទម្រង់ដល់សហព័ន្ធកីឡាជាតិទាំងអស់ ដោយត្រូវធ្វើការបណ្ដុះមន្ត្រីបច្ចេកទេសចៅក្រម គ្រូបង្វឹក និងអាជ្ញាកណ្ដាលឱ្យបានច្រើន ពោលគឺក្រសួងនឹងមិនអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិនីមួយៗ ប្រើប្រាស់ធនធានមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធផ្សេងៗ ដូចមុនឡើយ ។ មិនត្រឹមតែប៉ុណ្ណោះ វគ្គសិក្សានេះ នឹងផ្ដល់សារៈប្រយោជន៍ដល់គ្រូបង្វឹកកម្ពុជាយ៉ាងច្រើន ទាំងបច្ចេកទេសថ្មីៗ ដែលទទួលបានគ្រូបង្វឹកជំនាញកម្រិតពិភពលោក ដែល OS បានបញ្ជូនមកបណ្ដុះបណ្ដាលគ្រូបង្វឹកកម្ពុជា»។


លោកបន្ថែមថា៖ «ក្រោយពីវគ្គបណ្ដុះបណ្ដាលនេះ ចប់ទៅសហព័ន្ធមានគម្រោងធ្វើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់អត្តពលិកបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ ជាពិសេសគឺបណ្ដុះថ្នាលត្រៀមស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះតែម្តង» ។ គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាប្រណាំងកង់នេះនឹងរៀបចំពិធីបិទនាថ្ងៃទី៦ ខែតុលា ខាងមុខនេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់