សហព័ន្ធកីឡាទាំង៣៥ មិនប្រាកដថាអាចចូលរួមសុីហ្គេម២០២៣ ទាំងអស់ឡើយបើសិនគ្មានសកម្មភាពពីឥឡូវទៅ

នូ មករា September 26, 2017


ភ្នំពេញ៖ លោកអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានថ្លែងសង្កត់ធ្ងន់ៗដល់សហព័ន្ធកីឡាជាតិទាំង៣៥ ដែលគណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំយុវជន និងកីឡា បានជ្រើសរើសជាបណ្ដោះអាសន្ននោះ ដើម្បីត្រៀមខ្លួន និងបង្កើតឱ្យមានសកម្មភាពពីឥឡូវទៅមុនពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខ ។ អគ្គនាយកកីឡារូបនេះ បានស្នើរឲ្យគ្រប់សហព័ន្ធទាំងអស់ត្រូវរៀបចំផែនការអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ចាប់ពីពេលនេះតទៅ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ព្រោះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់ពេលមិនដល់ ៦ឆ្នាំទៀតទេ ។
លោកបន្តថា សហព័ន្ធកីឡាជាតិទាំង ៣៥ មិនប្រាដថានឹងបានចូលរួមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ នោះទេ ប្រសិនបើសហព័ន្ធណាមួយ ពុំមានសកម្មភាពអ្វី ដែលចម្រើនដល់កីឡាករ-កីឡាការិនី សម្រាប់ធ្វើដើមទុនត្រៀមធ្វើម្ចាស់ផ្ទះនោះ ។ តែប្រសិនបើសហព័ន្ធកីឡាជាតិអាចវិវត្តខ្លួនបានល្អជាងនោះ ពួកគេនឹងមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាននេះបាន ។ សហព័ន្ធជាតិ ដែលត្រូវបានកំណត់ទាំង ៣៥ ត្រូវរៀបចំឲ្យបានល្អ ស្របតាមផែនការរបស់ក្រសួង និងការចង់បានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសគឺផ្ដោតលើរចនាសម្ព័ន្ធរបស់សហព័ន្ធសិទ្ធិផលមុនការប្រកួតផ្លូវការ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងធនធានកីឡាករ-កីឡាការិនី ដែលសហព័ន្ធនីមួយៗត្រូវតែមាន ។
ផែនការនេះ ត្រូវបានធ្វើឡើងក្រោយពី ក្រសួងអប់រំយុវជន និង កីឡា បានឧបត្តម្ភថវិកា ប្រមាណ១០០០លានរៀល ដល់សហព័ន្ធកីឡាជាតិ ទាំង២១ ក្នុងចំណោម ៣៥ប្រភេទកីឡា ដែលបានកំណត់ ត្រូវបង្កើតគណនីធនាគារឲ្យ ដើម្បីងាយស្រួលក្នុងការទទួលថវិកាពីក្រសួងយកទៅអភិវឌ្ឍន៍តាមសហព័ន្ធនីមួយៗ ឲ្យមានការរីកចម្រើនប្រកបដោយតម្លាភាព គណនេយ្យ ប្រសិទ្ធភាព និងចំទិសដៅនៃការធ្វើកំណែទម្រង់ស៊ីជម្រៅ ស្របតាមផែនការមេ ឆ្ពោះទៅរកការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់