លោកយី វាសនា៖ យើងខកមេដាយមាស តែកើនមេដាយប្រាក់នៅអាស៊ានប៉ារ៉ាហ្គេម!

នូ មករា September 26, 2017


ភ្នំពេញ៖ លោក យី វាសនា នាយបេសកកម្មកម្ពុជានៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមបានមានប្រសាសន៍ក្រោយពីលោកបានដឹកនាំអត្តពលិកត្រលប់ពីចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ (ASEAN Para Games 2017) នៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅថា កម្ពុជាមានការសោកស្ដាយយ៉ាងខ្លាំងក្នុងការប្រជែងយកមេដាយមាសនាឆ្នាំនេះ ដោយលទ្ធផលដែលកម្ពុជាដណ្តើមបានមេដាយមកជូនជាតិនោះគឺមានមេដាយប្រាក់ ៨ និងសំរឹទ្ធ ៥ ដែលលើកនេះ អត្តពលិកកម្ពុជាមិនអាចដណ្ដើមយកមេដាយមាសបានទេ ពោលគឺខុសពីផែនការរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាដែលសង្ឃឹមយកមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៥ គឺប្រឹងឱ្យលើសកាលពីឆ្នាំ២០១៥ នៅសិង្ហបុរី ដែលកម្ពុជាឈ្នះបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ៧។
លោក យី វាសនាបានមានប្រសាសន៍ដូច្នេះថា៖ «បើទោះបីយើងមិនអាចប្រជែងយកមេដាយមាសបានក៏ពិតមែន ប៉ុន្តែយើងបានប្រឹងកើននូវចំនួនមេដាយប្រាក់រហូតដល់ ៨ និងសំរឹទ្ធ ៥ វិញ្ញសាដែលសរុបជាគ្រឿងមានរហូទៅដល់ ២១គ្រឿង ។ រីឯការមិនដណ្តើមបានមេដាយមាស គឺដោយសារ កីឡាករ បុង ហុង ដែលធ្លាប់ឈ្នះមេដាយមាស ក្នុង Class T46 ឲ្យកម្ពុជាកាលពីឆ្នាំ២០១៥ ត្រូវបានគណៈកម្មការវាយតម្លៃឲ្យមកប្រកួតក្នុង Class T47 តាមគោលការណ៍ថ្មីរបស់ IPC វិញដែល T47 នេះមានកម្រិតខ្លាំងជាង T46 ហើយ បុង ហុង ក៏មិនធ្លាប់ហាត់ផ្នែក T47 នេះដែរ ទើបគាត់មិនអាចដណ្តើមបានមេដាយមាស»។
 
លោកបន្តថា៖ «ការផ្លាស់ប្តូរលក្ខណៈវិនិច្ឆ័យនេះភាគីកម្ពុជាបានតវ៉ាយ៉ាងខ្លាំង តែទីបំផុតពួកយើងបានទទួលយកការផ្លាស់ប្តូរដែលគណៈកម្មការអន្តរជាតិបានដាក់ចេញឲ្យគណៈកម្មាធិការអាស៊ានប៉ារ៉ាឡាំពិកអនុវត្តដើម្បីឲ្យកាន់តែមានភាពយុត្តិធម៌សម្រាប់បងប្អូនពិការ ។ យើងពិការហើយ ដូច្នេះយើងត្រូវតែផ្តល់ភាពយុត្តិធម៌សម្រាប់ជនពិការគ្រប់រូបឲ្យទទួលបានការប្រកួតប្រជែងដោយស្មើភាពគ្នា» ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះការផ្លាស់ប្តូរ របស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ គឺមានលក្ខណៈត្រឹមត្រូវដោយដាក់ប្រភេទពិការដូចជាT46 គឺពិការនៅលើកែងដៃ រីឯប្រភេទពិការ T47គឺពិការត្រឹមកែងដៃចុះក្រោម ។ លោកបន្ថែមថា៖ «ចំណែកកីឡាការិនី វ៉ិច ចាន់ថា ក៏វិះនឹងទទួលបានមេដាយមាសដែរលើការប្រកួតលោតចម្ងាយព្រោះគាត់លោតលើកទី១ បានដល់ ៤,២ ម៉ែត្រ ដែលជាកម្រិតឈ្នះមេដាយមាស តែដោយសារគាត់ច្រឡំថយក្រោយទើបធ្វើឲ្យគណៈកម្មការពិន័យ ចំណែកឯការលោតលើកទី២ និងលើកទី៣ ការធ្វើរបស់គាត់បានថយចុះដោយសារគាត់អស់កម្លាំងជាមួយការប្រកួតលោតចម្ងាយផង និងរត់ចម្ងាយផង»៕ អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់