ក្រុមហ៊ុន Sponsor ក្លាយជាអ្នកឧបត្ថម្ភលើការប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំនេះ

នូ មករា September 23, 2017


ភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈ Sponsor បានលូកដៃចូលឧបត្ថម្ភទាំងស្រុងតែម្ដងនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិសម្រាប់ឆ្នាំនេះ ។ ថ្លែងក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សពេលនេះមានគុណភាពល្អណាស់ទាំងទីលាន ទាំងកន្លែងស្នាក់នៅទាំងការហូបចុកសុទ្ធតែមានការប្រែប្រួលគឺកីឡាករ-កីឡាការិនីលែងស្នាក់នៅតាមសាលារៀនដូចមុនហើយគឺត្រូវប្តូរមកស្នាក់នៅតាមផ្ទះសំណាក់ ឬ សណ្ឋាគារវិញ ចំណែកឯការហូបចុកក៏ត្រូវបានបង្កើនលុយចំណែកទីលានក៏ប្រសើរជាងមុន ។

សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំនេះធ្វើនៅនឹងធ្វើឡើងនៅខេត្តកំពង់ចាមចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ដោយមានកីឡាចំនួន ៦ប្រភេទត្រូវបានដាក់ឲ្យប្រកួតគឺបាល់ទាត់ (បុរស-នារី), បាល់ទះ (បុរស-នារី), បាល់បោះ(បុរស-នារី), អត្តពលកម្ម (បុរស-នារី), វាយកូនឃ្លីលើតុ (បុរស-នារី) និងប៉េតង់(បុរស-នារី) ។ ក្នុងកីឡាទាំង ៦ប្រភេទនេះមាន ២៩វិញ្ញាសា និងមានអត្តពលិកប្រមាណ ២.៥០០នាក់ដែលមកពីគ្រប់រាជធានី-ខេត្តទាំង ២៥ ។ មុននឹងឈានមកដល់ការប្រកួតថ្នាក់ជាតិនេះរាជធានី-ខេត្តទាំងអស់សុទ្ធតែធ្វើការប្រកួតជម្រុះរកកីឡាករ កីឡាការិនី និងក្រុមខ្លាំងរបស់ខ្លួនដើម្បីយកមកចូលរួម  ។

លោកស្រ៊ីន ផល្លា ប្រធានផ្នែកលក់របស់ក្រុមហ៊ុនហេរ៉ូឃីងបានអះអាងថាក្រុមហ៊ុនរបស់លោកបានលូកដៃចូលរួមឧបត្ថម្ភកីឡាជាច្រើនប្រភេទមកហើយដោយពេលនេះក្រុមហ៊ុនរបស់លោកបានឧបត្ថម្ភការប្រកួតកីឡាសិស្សមធ្យមសិក្សាដែលការឧបត្ថម្ភនេះលោកនឹងធ្វើជារៀងរាល់ឆ្នាំតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់