ម្ចាស់មេដាយមាសកីឡាហាប់គីដូអន្តរជាតិគ្រោងមកធ្វើគ្រូបង្វឹកនៅកម្ពុជាវិញ

នូ មករា September 15, 2017


ភ្នំពេញ៖ បន្ទាប់ពីបានប្រឹងប្រែងរហូតដល់ឈ្នះមេដាយមាសផ្នែកកីឡាហាប់គីដូក្នុងព្រឹត្តិការណ៍ The 10th International Hapkido Martial Arts Competition កាលពីប៉ុន្មានខែមុនកន្លងទៅរួចមក អ្នកហាត់គុន ជា វ៉ាន់សាន្ត មានគម្រោងនឹងវិលត្រលប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ ដើម្បីធ្វើជាគ្រូបង្វឹកកីឡាហាប់គីដូ បន្ទាប់ពីលោកបានរស់នៅ និងបំពេញការងារជាពលករនៅប្រទេសកូរ៉េខាងត្បូងជាង ១០ឆ្នាំមកហើយ។
លោកគង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរហាប់គីដូ និងជាគ្រូបង្វឹករបស់កីឡាកររូបនេះបានថ្លែងថា៖ «ហាប់គីដូពីដំបូងមានការលំបាកដោយខ្ញុំប្រឹងប្រែងតស៊ូរយៈពេលជាង ២០ ឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ននេះហាប់គីដូទទួលបានលទ្ធផលគួរឲ្យមោទកល្អណាស់ ដោយយើងមានទីលានហ្វឹកហាត់ល្អសមរម្យ ពោលគឺយើងនៅខ្វះតែធនធានគ្រូបង្វឹកតែប៉ុណ្ណោះ»។  លោកបានបន្ថែមឲ្យដឹងទៀតថា៖ «ប្រសិនជាយុវជន ជា វ៉ាន់សាន្ត សម្រេចចិត្តវិលមកស្រុកខ្មែរយើងហើយរួមចំណែកជាគ្រូបង្វឹកនោះ វាជារឿងដែលប្រសើរបំផុតសម្រាប់កីឡាហាប់គីដូ»។
 ជាមួយគ្នានេះ អ្នកហាត់គុនហាប់គីដូ ជា វ៉ានសាន្ត ក៏បានឱ្យដឹងដែរថា៖ «ពីមុនខ្ញុំធ្លាប់ហ្វឹកហាត់កីឡាហាប់គីដូដំបូងជាមួយលោកគ្រូគង់ ចាន់ធីណា ក្នុងលក្ខណៈខ្វះខាតទីលានគឺហាត់តាមទីសាធារណៈប៉ុណ្ណោះ ហើយបច្ចុប្បន្នបើតាមលោកគ្រូគង់ ចាន់ធីណា គាត់ចង់ឃើញហាប់គីដូមានទីតាំងហ្វឹកហាត់សមរម្យក្នុងប្រទេសដូចប្រភេទកីឡាដទៃ ហើយឥឡូវនេះ គឺលោកគ្រូទទួលបានសម្រេចដូចបំណងហើយ ដោយជាអំណោយរបស់លោកជា ប៊ុនហេង ទីប្រឹក្សាសម្តេចស ខេង និងជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ»។
សូមបញ្ជាក់ថា លោក ជា វ៉ាន់សាន្ត គឺជាពលករធ្វើការនៅប្រទេសកូរ៉េមួយរូបដែលបានឆ្លៀតពេលហាត់រៀនកីឡាហាប់គីដូអស់ជាង១០ឆ្នាំ និងទទួលបានខ្សែក្រវាត់ខ្មៅ ៣ ដាន់ ព្រមទាំងលិខិតបញ្ជាក់ពីស្ថាប័នកីឡាហាប់គីដូកូរ៉េលំដាប់ថ្នាក់អន្តរជាតិថែមទៀតផង។ លោកជា វ៉ាន់សាន្ត បានប្រាប់ថា៖ «ខ្ញុំនឹងបញ្ចប់កិច្ចសន្យាការងារនៅប្រទេសកូរ៉េនៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីវិលមកចូលរួមចំណែកជាមួយសហព័ន្ធកីឡាខ្មែរហាប់គីដូនៅមាតុប្រទេសក្នុងឋានៈជាគ្រូបង្វឹកក្នុងការបណ្តុះបណ្តាលអ្នកហាត់គុនហាប់គីដូកម្ពុជាបច្ចុប្បន្ន ដែលកំពុងមានសិស្សកើនឡើងជាលំដាប់ និងខ្វះខាតសមត្ថភាពធនធានគ្រូបង្វឹកនៅឡើយ»។
ម្ចាស់មេដាយមាសរូបនេះបានបន្តថា៖ «ការប្រឡងឡើងខ្សែក្រវាត់ខ្មៅម្ដងៗមានលក្ខណៈតឹងតែងទៅលើស្នៀតទាត់ លោតកម្ពស់ ស្នៀតកាច់ និងវិញ្ញាសាឆ្លងកាត់ឧបសគ្គមួយចំនួនទៀតដែលសុទ្ធតែលំបាក»។ សម្រាប់ការប្រឡងឡើងនេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ២០១៧ ដែលមានសិស្សចម្រុះមកពីសាលាគុននានាក្នុងប្រទេសចំនួន ៦០០ នាក់ ក្នុងនោះមានមកពីបរទេសចំនួន ២០ ប្រទេសផងដែរ»៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត