កម្ពុជា-ចិន ប្រជែងយកពានរង្វាន់កីឡាវាយកូនឃ្លីលើតុស្រាបៀរអង្គរលើកទី២

នូ មករា September 13, 2017


ភ្នំពេញ៖ នៅសល់ជាងកន្លះខែទៀតឯណោះ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកកម្ពុជា នឹងអាចរកឃើញម្ចាស់ជ័យលាភីពានរង្វាន់ស្រាបៀរអង្គរលើកទី២ ថាគឺជាអត្តពលិកកម្ពុជា ឬក៏ជាអត្តពលិកចិន ខណៈដែលការប្រកួតនេះ សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា បានសហការជាមួយនឹងភាគីចិនដែលវិនិយោគនៅកម្ពុជាបង្កើតពានរង្វាន់នេះឡើងដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន។
  
ព្រឹត្តិការណ៍ប្រកួតនេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ ដោយមានរយៈពេល ១ខែពេញតែម្ដង។ លោក សុខ វិសាល អនុប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា៖ «ការដែលភាគីចិនសហការចូលរួមនៅក្នុងការប្រកួតនេះជាមួយភាគីកម្ពុជា គឺមានគោលដៅពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ ក៏ដូចជានាំយកនូវអ្នកវិនិយោគពីប្រទេសចិនមកកាន់កម្ពុជា ពិសេសទៀតនោះគឺចង់ឲ្យពួកគេទទួលបានសុខភាព និងទំនាក់ទងល្អជាមួយគ្នា»។ តាមរយៈចំណងមិត្តភាព និងការប្រកួតនេះ លោកមើលឃើញកីឡាករកម្ពុជា មានសមត្ថភាពល្អច្រើន ហើយលោកមានបំណងនាំយកកីឡាករកម្ពុជា ទៅហ្វឹកហាត់បន្ថែមនៅប្រទេសចិនផងដែរ។
 
ប៉ុន្តែបច្ចុប្បន្ននេះភាគីទាំង២កំពុងតែពិភាក្សាគ្នាពាក់ព័ន្ធលើការចំណាយ និងការផ្គត់ផ្គង់ក្នុងការស្នាក់នៅហ្វឹកហាត់នៅប្រទេសចិន ពិសេសការបង្ហាត់បង្រៀនតើគួរបំពេញនូវចំណុចណាខ្លះ។ ជាមួយគ្នានេះដែរ ការប្រកួតវាយកូនឃ្លីលើតុរឹតចំណងមិត្តភាពកម្ពុជា-ចិន «ពានរង្វាន់ស្រាបៀរអង្គរលើកទី២» បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាវាយកូនឃ្លីលើតុឱ្យកាន់តែវិវឌ្ឍរីកចម្រើន និងជាការបង្កើនបទពិសោធន៍មួយបន្ថែមសម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
អនុប្រធានរូបនេះ ឲ្យដឹងទៀតថា បទពិសោធន៍នៃការប្រកួតមិត្តភាពនេះដែរ ក៏ជាការប្រកួតមួយធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពទំនាក់ទំនងរវាងភាគីកម្ពុជា និងចិន ដើម្បីឈានទៅដល់ការបញ្ជូនកីឡាករកម្ពុជា ទៅធ្វើការហ្វឹកហាត់បំប៉នសមត្ថភាពបន្ថែមនៅប្រទេសចិន។ លោកបន្ថែមថា បច្ចុប្បន្ននេះ សម្រាប់វិស័យកីឡាវាយកូនឃ្លីលើតុនេះ នៅក្នុងប្រទេសកម្ពុជា កំពុងតែវិវឌ្ឍទាក់ទាញយុវជនឱ្យងាកមកលេងវិស័យកីឡានេះ។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ មានក្រុមចូលរួមមានចំនួន ១៩ក្រុម ក្នុងនោះក្រុមមកពីសាធារណរដ្ឋប្រជាមានិតចិនមានចំនួន ៩ក្រុម និងក្រុមមកពីតាមបណ្ដាក្លឹបក្នុងប្រទេសកម្ពុជាមានចំនួន ១០ក្រុម៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត