ក្រុមនិស្សិតជប៉ុនមកផ្សព្វផ្សាយកីឡាដើម្បីអនាគតនៅកម្ពុជា

នូ មករា September 10, 2017


ភ្នំពេញ៖ កាលពីព្រឹកមិញនេះក្រុមនិស្សិតជប៉ុនសហការជាមួយនឹងគណៈកម្មាធិការអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធី Sport For Tomorrow នៅទីស្នាក់ការ គណៈកម្មាធិការអូឡាំពិកកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយពីចលនាកីឡាអូឡាំពិកនៅលើពិភពលោក ក៏ដូចជាកីឡាដើម្បីអនាគតផងដែរ។ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នេះជាកម្មវិធីដ៏ល្អមួយដែលបានបណ្ដុះបណ្ដាលខាងផ្នែកកីឡាមានទាំង ទ្រឹស្ដីកីឡា និង ទស្សនៈវិជ្ជាកីឡាដែលខាងជប៉ុនរៀបចំឡើងដើម្បីបំផុសកីឡានៅក្នុងប្រទេសដែលកំពុងធ្វើការអភិវឌ្ឍ។ កម្មវិធីផ្សព្វផ្សាយនេះ ក៏បានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ»។
លោកបានបន្តថា៖ «ការធ្វើកម្មវិធី Sport For Tomorrow ឬ កីឡាដើម្បីអនាគតនេះ យើងឃើញថាមានផលវិជ្ជមានច្រើន ជាពិសេសគឺការលើកស្ទួយដល់វិស័យកីឡាតែម្ដង ព្រោះថាយុវជន និងនិស្សិតកម្ពុជាទាំងអស់អាចធ្វើការដកស្រង់បទពិសោធន៍ពីក្រុមនិស្សិតជប៉ុនបានយ៉ាងល្អ អុីចឹងទៅថ្ងៃអនាគតយើង ក៏ត្រូវមានកាតព្វកិច្ចរួមចំណែកអភិវឌ្ឍវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្ដរជាតិផងដែរ»
 
ជាមួយគ្នានេះដែរនិស្សិតកម្ពុជាឈ្មោះណុប លីហួរ មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងដែលបានចូលរួមវគ្គសិក្សាមួយនេះបានលើកឡើងថា៖ «កម្មវិធីនេះ វាមានផលល្អសម្រាប់និស្សិតខ្មែរយើង និងនិស្សិតជប៉ុនដែលគាត់អាចធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ចែករំលេកចំណេះដឹង និងការអភិវឌ្ឍន៍បន្ថែមទៀត ព្រោះវាជាកម្មវិធីមួយដែលគេផ្ដោតសំខាន់ទៅលើការងារកីឡាទាំងនៅក្នុងប្រទេសយើង និងក្រៅប្រទេស ដើម្បីសហការគ្នាអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែល្អប្រសើរឡើងជាងនេះ»។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមិនត្រឹមតែជាការផ្សព្វផ្សាយពីកម្មវិធី Sport For Tomorrow ឬ កីឡាដើម្បីអនាគតប៉ុណ្ណោះនោះទេ វាក៏ជាការផ្សព្វផ្សាយពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ផងដែរ៕
អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត